ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា មិនមានការកាប់ និងដឹកជញ្ជូនឈើចេញពីតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់នោះទេ ខណៈរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍កំពុងការពារធនធានធម្មជាតិទាំងនេះយ៉ាងមានប្រសិទ្ធភាព។
ថ្លែងប្រាប់អ្នកសារព័ត៌មាន តាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ លោក នេត្រ ភក្ត្រា បានឲ្យដឹងថា មន្ត្រីឧទ្យានុរក្សបានដើរល្បាតយ៉ាងហ្មត់ចត់នៅតំបន់នោះជាប្រចាំ។
លោក មានប្រសាសន៍ថា "មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថាន បាននិងកំពុងសហការយ៉ាងស្អិតល្មួតជាមួយគម្រោងព្រៃឡង់បៃតងរបស់USAID និងសហគមន៍តំបន់ការពារធម្មជាតិ ក្នុងកិច្ចការងារការពារ និងអភិរក្សធនធានធម្មជាតិដោយហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់ ដើម្បីការពារធនធានធម្មជាតិឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀត"។
ការបញ្ជាក់នេះ ធ្វើឡើងក្រោយពីមានក្រុមសកម្មជនបរិស្ថាន បានឃើញ និងរាយការណ៍មកថា ក្រុមហ៊ុនចំនួន៣កំពុងធ្វើសកម្មភាពកាប់ និងដឹកជញ្ជូនឈើធំៗនៅតំបន់ដែនជម្រកសត្វព្រៃឡង់ ក្នុងខេត្តព្រះវិហារ។
លោក នេត្រ ភក្ត្រា បានចាត់ទុកក្រុមសកម្មជនបរិស្ថានទាំងនោះ គឺជាក្រុមសកម្មជននយោបាយជ្រកក្រោមស្លាកអ្នកបរិស្ថាន ដែលព្យាយាមបំភ្លៃព័ត៌មាន និងចិញ្ចឹមទំនាស់លើបញ្ហាព្រៃឡង់ ក្រោមការរៀបចំច្បាស់លាស់មួយពីម្ចាស់ជំនួយរបស់ពួកគេ៕EB