ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់កម្ចីប្រមាណ ១៨៨លាន ដុល្លារអាមេរិក ដើម្បីកែលម្អផ្លូវជនបទ៣៨ខ្សែ និងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប។

ពិធីចុះហត្ថលេខាផ្តល់កម្ចីនេះបានធ្វើឡើង កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣នេះ រវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។

យោងតាមក្រសួងការបរទេស បានឱ្យដឹងថា ប្រាក់កម្ចីខាងលើនេះ សម្រាប់អនុវត្តគម្រោងចំនួនពីរដូចខាងក្រោម៖

ទី១៖ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ៖ គម្រោងនេះ មានគោលបំណងកែលម្អស្ថានភាពផ្លូវចំនួន ៣៨ ខ្សែ ចាប់ពីផ្លូវក្រួស ដល់ផ្លូវក្រាលកៅស៊ូ កសាងស្ពាន និងដំឡើងបំពង់លូ ដែលមានប្រវែងសរុប ៥២៩.៧គីឡូម៉ែត្រ ដែលតភ្ជាប់ទៅផ្លូវជាតិលេខ៥ ដោយកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ។

គម្រោងនេះ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ជនបទរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ២០១៩-២០២៣។ ការកែលម្អផ្លូវជនបទទាំងនោះ នឹងជួយសម្រួលដល់ការធ្វើដំណើរជាប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងតំបន់ និងការដឹកជញ្ជូនកសិផលរបស់ពួកគេទៅកាន់ទីផ្សារ សំដៅរួមចំណែកដល់ការបង្កើនសកម្មភាពសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ទាំងនោះ។

ទី២៖ គម្រោងពង្រីកសមត្ថភាពផ្គត់ផ្គង់ទឹកនៅខេត្តសៀមរាប ដំណាក់កាលទី៣៖ គម្រោងនេះ នឹងទទួលបានថវិកាបន្ថែម ដើម្បីសាងសង់រោងចក្របន្សុទ្ធទឹក ដែលមានសមត្ថភាពបន្សុទ្ធទឹកចំនួន ៦០,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ព្រមទាំងស្ថានីយ៍បូមទឹក និងប្រព័ន្ធចែកចាយទឹក សំដៅជួយធ្វើឲ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកស្អាត នៅក្នុងខេត្តសៀមរាប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ