ទីបំផុត ! មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បដិសេធទាំងស្រុង ចំពោះការលើកឡើងថា ជនជាតិរៀតណាមជីកយករ៉ែត្បូង នៅមណ្ឌលគិរី
មណ្ឌាលគិរី ៖ ដើម្បីឲ្យប្រជាពលរដ្ឋខ្មែរ ដឹងកាន់តែច្បាស់ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី បាន ធ្វើការបដិសេធទាំងស្រុង ចំពោះការលើកឡើងថា ជនជាតិរៀតណាមជីកយករ៉ែត្បូង នៅមណ្ឌលគិរី ដូច្នេះ សកម្មភាពវៀតណាមជីករកត្បូងនោះ មិនមែនស្ថិតនៅក្នុងភូមិសាស្រ្ត ខេត្តមណ្ឌលគិរីឡើយ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ មានជនជាតិវៀតណាមម្នាក់ បានបង្ហោះរូបភាព ជាច្រើន រួមទាំង វិដេអូមួយចំនួន នៅលើបណ្ដាញសង្គមហ្វេសប៊ុកឈ្មោះ Gỗ Đá Đăng Tâm ដែលឆេកអ៊ីន នៅក្នុងខេត្តមណ្ឌលគិរី ដោយសរសេរជាភាសាវៀតណាមថា «Hành Trình Để Có Những Viên Đá Đẹp “”Đời không như là mơ _ Không hề đơn giản” បកប្រែជាភាសាខ្មែរថា «ដំណើរឆ្ពោះទៅរកត្បូងស្អាតៗ ជីវិតមិនមែនជាក្ដីសុបិន្ដទេ ហើយវាមិនសាមញ្ញ ងាយស្រួលឡើយ»។
បើមើលរូបភាព បានបង្ហាញឲ្យឃើញពីដំណើរសកម្មភាពដែលមានកម្មករ រួមទាំង គ្រឿងច្រកជាច្រើន កំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីស្វែងរករ៉ែ ត្បូង ថ្ម ដែលមានតម្លៃ ដើម្បីយកទៅជាអាជីវកម្ម ហើយបុរសជនជាតិវៀតណាមនោះ ក៏បានបង្ហាញរូបភាពត្បូង រ៉ែ ថ្មដ៏ស្រស់ស្អាត មួយចំនួនធំដែលសុទ្ធ សឹងជារបស់មានតម្លៃ ឥតឧបមា។គេមិនដឹងថា តើសកម្មភាពជីក រ៉ែ មានច្បាប់ទម្លាប់ដែរឬ អត់នោះ ទេ?
ការបង្ហោះរូបភាពដោយដាក់ «Check in» នៅក្នុងខេត្តមណ្ឌលគិរី នាំឲ្យមានការប្រតិកម្មខ្លាំងពីប្រជាពលរដ្ឋកម្ពុជាជាអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ដោយបានរិះគន់ទៅអាជ្ញាធរផងថាបណ្តែតបណ្តោយឱ្យមានសកម្មភាពជីកថ្មត្បូងអនាធិបតេយ្យ។
បន្ទាប់ពីឃើញមានប្រតិកម្មបែបនេះ ម្ចាស់គណនី Facebook រូបនេះ ក៏បានចេញមកកែតម្រូវ ហើយក៏បានសុំទោសផងដែរ ចំពោះកំហុសឆ្គងរបស់ខ្លួនសម្រាប់ការ «Check in» ដែលនាំឲ្យមានការភ័ន្ដច្រឡំ។ បុរសជនជាតិវៀតណាមរូបនេះ បានបញ្ជាក់ថា ថ្មត្បូងទាំងអស់នេះ ខ្លួនបាននាំមកពីប្រទេសឥណ្ឌា អាហ្វ្រិកខាងត្បូង និងម៉ាឡេស៉ីជាដើម។
ជុំវិញបញ្ហាទាំងនេះ មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ បានចេញលិខិតបដិសេធ ថា «សូមធ្វើការបដិសេធទាំងស្រុងថា ចំពោះការជីកករកាយរ៉ែត្បូងថ្ម នៅក្នុងរូបភាពអត្ថបទខាងលើនេះ មិនមែនស្ថិតនៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរីឡើយ សូមសាធារណៈជនកុំមានការយល់ច្រឡំ ខ្លឹមសារដែលបានចុះផ្សាយទាំងនេះ គឺមានចរិកលក្ខណៈមួលបង្កាច់ខុសពីការពិត ក្នុងន័យបំភ័ន្តសាធារណៈមតិឲ្យមានការយល់ច្រឡំដែលធ្វើឲ្យបះពាល់ដល់កិត្តិយសស្ថាប័ន ក្រសួង មន្ទីរវិស័យជំនាញគ្រប់គ្រងពាក់ព័ន្ធ ជាពិសេសថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី» ។
ទន្ទឹមនឹងនេះដែល មន្ទីររ៉ែ និងថាមពល ខេត្តមណ្ឌលគិរី សូមធ្វើការអំពាវនាវដល់ស្ថាប័នមាន សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ សូមជួយស្វែងរកជនដែលមានចរិកលក្ខណៈ បំពុលសង្គមចុះ ផ្សាយព័ត៌មានមិនពិតនេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ជាធរមាន៕EB