ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងពីវិធានការនៃការបើកដំណើរការឡើងវិញគ្រឹះស្ថានសិក្សាក្នុងដំណាក់កាលទី២ ត្រូវអនុវត្តប្រកបដោយស្តង់ដា មិនមែនបើកទាំងប្រថុយប្រថានឡើយ។

យោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា លោក ហង់ជួន ណារ៉ុន ក៏បានណែនាំដល់អង្គភាពក្រោមឱវាទរួមមាននាយកដ្ឋានពាក់ព័ន្ធ និងមន្ទីរអប់រំ យុវជន និងកីឡា គ្រប់ខេត្តក្រុងទាំងអស់ ដើម្បីធានាបានថាការបើកដំណើរការសាលារៀនឡើងវិញ នឹងប្រព្រឹត្តទៅប្រកបដោយស្ដង់ដា និងសុវត្ថិភាព។

លោក បានមានប្រសាសន៍ថា «ការបើកដំណើរការឡើងវិញនៃគ្រឹះស្ថានសិក្សានេះ មិនមែនបើកទាំងប្រថុយប្រថាននោះទេ គឺបើកដំណើរការប្រកបដោយសុវត្ថិភាព ដោយអនុវត្តតាមស្តង់ដា SOP តាមការណែនាំរបស់ក្រសួងសុខាភិបាល សាលាត្រូវធានាបាននូវសុវត្ថិភាព អនាម័យ រៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សមស្រប ពិសេសធានានូវគម្លាតសុវត្ថិភាព ជៀសវាសកុំឱ្យសិស្សជួបជុំគ្នា ដោយមានការត្រួតពិនិត្យត្រឹមត្រូវ ដើម្បីជៀសវាងនូវការឆ្លងរីករាលដាលនៃ ជំងឺកូវីដ១៩»។

សូមរំលឹកថា តាមរយៈសេចក្ដីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា បានចែងថា សាលារៀន ត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាពយ៉ាងហោចណាស់២ម៉ែត្រ និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិនឱ្យលើសពី ១៥ ទៅ២០នាក់ ក្នុងមួយថ្នាក់ កាត់បន្ថយការប្រមូលផ្ដុំជាដើម។

ជាងនេះទៅទៀត គ្រឹះស្ថានសិក្សានឹងបើកដំណើរការឡើងវិញដំណាក់កាលទី២ នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០។ ដោយឡែកឆ្នាំសិក្សា២០២០-២០២១ នឹងត្រូវអនុវត្តចាប់ពី ថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ តទៅ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ