ភ្នំពេញ ៖ មន្រ្ដីជំនាញក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា បច្ចុប្បន្ននេះតម្លៃកៅស៊ូនាំចេញទៅកាន់ទីផ្សារអន្ដរជាតិមានការកើនឡើង និងមានទីផ្សារល្អ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយ រយៈ ដោយការផ្ទុះឡើងនៃជំងឺកូវីដ១៩នៅជុំវិញពិភពលោក។

លោក ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា នៅដើមខែសីហា និងចុងខែកញ្ញាឆ្នាំ២០២០ខាងមុខនេះ តម្លៃកៅស៊ូនឹងមានការកើនឡើងបន្ដិចវិញពោលគឺ អាចមានតម្លៃពី១៣០០ដុល្លារលាទៅ១៤០០ដុល្លារអាមេរិកក្នុង១តោន។

លោកបញ្ជាក់ថា ការកើនឡើងនូវតម្លៃកៅស៊ូនេះ ដោយសារតែទីផ្សារអន្តរជាតិមានកំណើន តម្រូវការ ខណៈដែលការនាំចេញកៅស៊ូទៅទីផ្សារអន្ដរជាតិរួមមានប្រទេស វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងសហគមន៍អឺរ៉ុបជាដើម គឺមិនមានការកកស្ទះដូចមុននោះទេ។

លោកបន្ដថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាអាចនាំចេញកៅស៊ូបានចំនួន៣០ម៉ឺនតោន ខណៈដែលរយៈពេល៦ខែដើមឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកៅស៊ូបានចំនួន១០ម៉ឺនតោន ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩មានកើនឡើង។

លោក ប៉ុល សុផា បានរំលឹកឲ្យដឹងថា នៅកម្ពុជាចាប់ពីឆ្នាំ២០១១រហូតមកដល់រយៈពេលប៉ុន្មាន ខែចុងក្រោយនេះ តម្លៃកៅស៊ូបន្តធ្លាក់ចុះយ៉ាងគំហុកជាមួយនឹងតម្លៃនាំចេញប្រមាណតែ ១.២០០ដុល្លារ ក្នុងមួយតោនតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា បើតាមក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្នកម្ពុជា មានផ្ទៃដីដំាកៅស៊ូសរុបប្រមាណជាង ៤០ ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ជាង២៥ម៉ឺន ហិកតា ខណៈផ្ទៃដីថែទាំមានជាង ១៥ម៉ឺនហិកតា ដែលគិតជាផលិតផលកៅស៊ូសម្រេចបានជិត២ម៉ឺនតោន៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ