ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូនិស្សិត អាហារូបករណ៍អភិវឌ្ឍ ធនធានមនុស្ស របស់ប្រទេសជប៉ុន (JDS) ចំនួន ២៤រូប ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យានានា នៃប្រទេសជប៉ុន ។

ក្នុងជំនួបនាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ មានជំនឿជឿជាក់ថា នៅពេលដែលក្មួយៗ បញ្ចប់ការសិក្សា ត្រឡប់មកវិញនឹងក្លាយជាធនធានមនុស្ស របស់ប្រទេសកម្ពុជា ប្រកបដោយសក្តានុពល ក្នុងការចូលរួមកសាង និងអភិវឌ្ឍប្រទេសជាតិយើង ឱ្យក្លាយទៅប្រទេសដែ លមានការរីកច ម្រើនខ្ពស់ ដូចបណ្តាប្រទេសនៅក្នុងតំបន់ និងក្លាយទៅជាសង្គមដែលមានអរិយធម៌ សេចក្តីស្រឡាញ់ ហើយគ្មានការកើតឡើងវិញ នូវសម័យសង្គ្រាម នូវរបបប្រល័យពូជសាសន៍ ក៏ដូចជាការបែកបាក់ផ្ទៃក្នុងជាតិ ដូចពីអតីតកាលទៀតឡើយ ។

អាហារូបករណ៍ JDS គឺជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន ដែលបានបង្កើតឡើង នៅកម្ពុជា តាំងពីឆ្នាំ២០០០ ក្នុងនោះមានគោលដៅជួយលើក ស្ទួយការអភិវឌ្ឍ ធនធានមនុស្សនៅកម្ពុជា ។ អាហារូបករណ៍នេះ មានបំណងជ្រើស រើសមន្ត្រីរាជការតាមក្រសួង និងស្ថាប័នរដ្ឋនានា ដើម្បីធ្វើការប្រកួតប្រជែងសម្រាប់ការ បន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំ នៅតាមសាកលវិទ្យាល័យ នានានៅប្រទេសជប៉ុន។

នៅក្នុងឱកាសនោះ លោក វុន ផានិត តំណាងនិស្សិតអាហារូបករណ៍អភិវឌ្ឍធន ធានមនុស្ស របស់ប្រទេសជប៉ុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេច ប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យប្រតិភូប្រតិភូនិស្សិត អាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស របស់ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងទទួលអនុសាសន៍នាពេលនេះ ។

លោក វុន ផានិត បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាថា នៅខែមីនា ឆ្នាំ២០២០ រដ្ឋាភិបាលជប៉ុន បានសម្រេចជ្រើសរើសបេក្ខជនជ័យលាភី សម្រាប់អាហារូបករណ៍ (JDS) ចំនួន២៤រូប ដើម្បីបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសជនប៉ុន ។ សូមជម្រាបថា គិតរហូតមកដល់ពេលនេះ មាននិស្សិតចំនួន៤១៦នាក់ ត្រូវបានបញ្ជូនទៅសិក្សា នៅប្រទេសជប៉ុន តាមជំនាញសិក្សារៀងៗខ្លួន ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ