ក្រសួងបរិស្ថានកម្ពុជា ៖ នៅលើពិភពលោក និងតំបន់ បាននិងកំពុងប្រឈម ទៅនឹងការប្រែប្រួលអាកាសធាតុ
ភ្នំពេញ៖ លោក នេត ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា នៅលើពិភពលោក និងតំបន់ បាននិងកំពុងប្រឈម ទៅនឹងការប្រែប្រួលអាកាសធាតុ ដូចជាគ្រោះមហន្តរាយធម្មជាតិ ដែលកើតឡើងកាន់តែញឹកញាប់ និងធ្ងន់ធ្ងរជាងមុននូវគ្រោះរាំងស្ងួត ភ្លើងឆេះព្រៃ ព្យុះសង្ឃរា និងការហូរបាក់ដី គឺជាសក្ខីភាពយ៉ាងពិតប្រាកដ។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពីការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ មកលើប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី១២ សីហានេះ លោក នេត ភក្ត្រា បានមានប្រសាសន៍ថា មូលហេតុនៃការប្រែប្រួលអាកាសធាតុ បណ្ដាលមកពីកត្តាសំខាន់ៗ ២យ៉ាង៖
១.កត្តាធម្មជាតិ (Natural Climate Change)៖ កើតឡើងដោយសារដំណើរការ ធម្មជាតិមានអន្តរទំនាក់ទំនងជាមួយប្រព័ន្ធព្រះអាទិត្យដូចជាវដ្តទឹក និងថាមពល ការផ្លាស់ប្តូរនៃចលនាអ័ក្សផែនដី កម្រិតប្រែប្រួលនៃពន្លឺព្រះអាទិត្យ ចរន្តទឹកសមុទ្រ និងបន្ទុះភ្នំភ្លើង។ល។ ប៉ុន្តែបាតុភូតទាំងនេះមានភាពយឺតយ៉ាវ និងមិនបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរនោះទេ។
២.កត្តាមនុស្ស (Anthropogenic Climate Change)៖ ការប្រែប្រួលអាកាសធាតុបណ្តាលមកពី សកម្មភាពមនុស្សកើត មានឡើងចាប់ពីការរីកចម្រើន នៃបដិវត្តឧស្សាហកម្មក្នុងអំឡុងទស្សវត្សរ៍ ឆ្នាំ១៨០០ ដែលកត្តានេះបណ្តាលមកពី ការកើនឡើងនៃការដុតប្រេងឥន្ធនៈផូស៊ីល (ការបញ្ចេញឧស្ម័នកាបូនិច)។ ចាប់ពីទស្សវត្សរ៍ឆ្នាំ១៩៣០និង១៩៦០ អ្នកវិទ្យាសាស្ត្របានបង្ហាញនូវ លទ្ធផលនៃការសិក្សាស្រាវកាន់តែច្បាស់ និង អាចជឿជាក់បានគឺ ការប្រែប្រួលអាកាសធាតុកាន់តែខ្លាំងឡើងៗ ដោយសារសកម្មភាពមនុស្ស ដែលទាមទារឱ្យពិភពលោកចាត់វិធានការ បន្ទាន់ដើម្បីដោះស្រាយបញ្ហាសកលនេះ។
លោកបន្ថែមថា ប្រទេសកម្ពុជាទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយសារការប្រែប្រួលអាកាសធាតុ ជាក់ស្តែងតំបន់ខ្លះមានភ្លៀងធ្លាក់ច្រើន ធ្វើឱ្យជន់លិចបង្កជាទឹកជំនន់ តំបន់ខ្លះទៀតមានភ្លៀងធ្លាក់តិចតួច បង្កឱ្យមានភាពរាំងស្ងួត។ កំណើននីវ៉ូទឹកសមុទ្រកើតឡើង ការជ្រាបចូលនៃទឹកប្រៃក្នុងប្រព័ន្ធទឹកសាប។ លោកថា ការប្រែប្រួលអាកាសធាតុនេះ មានផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសំខាន់ៗ ដូចជា សុខភាពមនុស្ស ផលិតកម្មកសិកម្ម ព្រៃឈើ និងប្រព័ន្ធអេកូឡូស៊ី ធនធានទឹក តំបន់ឆ្នេរ និងសេដ្ឋកិច្ច៕EB