ភ្នំពេញ  ៖ ក្រសួងសុខាភិបាល  បានឲ្យដឹងថា  ស្ថានភាពនៃជំងឺឈីក (ឈីកគន់ហ្គន់យ៉ា) នៅកម្ពុជា គិតត្រឹមថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០  មានជាង២ពាន់នាក់ នៅ១៥ខេត្ត។ 

យោងសេចក្តីប្រកាសព័ត៌មាន  របស់ក្រសួងសុខាភិបាល  បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០ ក្រសួងរកឃើញករណីសង្ស័យជំងឺគ្រុនឈីក សរុបចំនួន ២០៤៧ នាក់ ដែលបានរាយការណ៍តាមរយៈប្រព័ន្ធឃ្លាំមើលជំងឺគ្រុន ឈាមពីមន្ទីរសុខាភិបាលខេត្តចំនួន១៥ខេត្ត រួមមាន ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រះវិហារ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ស្ទឹងត្រែង  ពោធិ៍សាត់ កណ្ដាល កំពង់ធំ តាកែវ កំពត និងខេត្តព្រះសីហនុ។

ក្រសួងបន្តថា នៅក្នុងចំនួនសរុបករណីសង្ស័យជំងឺគ្រុនឈីកខាងលើមាន ៥៨% (ស្មើនឹង១១៨៤នាក់) កើតមានលើមនុស្សពេញវ័យ ចំនួន ៣០.៣% ជាកុមារអាយុលើសពីប្រាំឆ្នាំ និងចំនួន១១.៧% ជាកុមារមានអាយុក្រោមប្រាំឆ្នាំ។ គួរកត់សម្គាល់ផងដែរថា ក្នុងចំណោមមនុស្សធំ អ្នកជំងឺភេទស្រីមាន ៥៨.២% (ស្មើនឹង ៦៨៩នាក់) និងអ្នកជំងឺភេទប្រុសមាន ៤១.៧% (ស្មើនឹងចំនួន ៤៩៤នាក់)។ ចំនួនអ្នកឈឺជាង ៨០% នៃករណីសង្ស័យសរុប គឺមកពីខេត្តបន្ទាយមានជ័យ កំពង់ចាម សៀមរាប និងខេត្តតាកែវ។ អ្នកជំងឺប្រមាណជា ៩០% ក្នុងចំណោមអ្នកជំងឺសរុបទាំងអស់ បានជាសះស្បើយ ហើយនៅសល់១០% កំពុងបន្តការព្យាបាលនៅមន្ទីរពេទ្យរដ្ឋ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ