ភ្នំពេញ ៖ លោក ងិន ឆាយ អគ្គនាយក នៃអគ្គនាយកដ្ឋាន កសិកម្ម បានអះអាងថា ក្នុងរយៈពេល៧ ខែឆ្នាំ២០២០នេះ កម្ពុជាបាននាំចេញកសិផលនានា ទៅកាន់បណ្ដាល ប្រទេសមួយចំនួន លើពិភពលោក បានជាង២លានតោន បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩ មានការកើនឡើង ។

ក្នុងសន្និសីទសារព័ត៌មានស្ដីពី វិធានការជំរុញផលិតផលកសិកម្ម ទៅកាន់ទីផ្សារពិភពលោក នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២០លោក ងិន ឆាយ បានថ្លែងថា «ចំពោះការនាំចេញ នៅក្នុង៧ខែ ដើមឆ្នាំ២០២០នេះ យើងសម្រេចបានចំនួន ២.៦៨៩.៩៨៧តោន កើនលើសឆ្នាំមុន គិតក្នុងរយ:ពេលដូចគ្នា ប្រមាណជា៩%»។

លោកបន្តថា ដោយឡែកការនាំចេញអង្ករ ក្នុងរយៈពេល៧ខែសម្រេចបានចំនួន ៤២៦.000.៧៣តោន បើធៀបរយ:ពេលដូចគ្នាឆ្នាំ២០១៩ មានការកើនឡើងចំនួន៣៨,៣៣%។

ក្នុងឱកាសនោះលោក បញ្ជាក់ថា ក្រោយពីចរចាទីផ្សារបានភ្លាម មានក្រុមហ៊ុនវិនិយោគរបស់ចិន ចំនួន១៥បានអនុញ្ញាត ឲ្យកម្ពុជា នាំចេញ កសិផលនានា ទៅកាន់ប្រទេសចិន ខណ:កាលពីមុនមានតែ៤ក្រុមហ៊ុនប៉ុណ្ណោះដែលអនុញ្ញាតឲ្យកម្ពុជានាំចេញ។នេះបានសបញ្ជាក់ឲ្យឃើញថាជាការអភិវឌ្ឍន៍រីកចម្រើនមួយដ៏គួរឲ្យមានការកត់សម្គាល់ហើយក៏ជាមោទកភាពមួយសម្រាប់កម្ពុជាផងដែរ។

ដោយឃើញកត្តានៃការរីកចម្រើនយ៉ាងលឿនបែបនេះ លោកសង្ឃឹមថា ក្រោយពីកម្ពុជា ចរចាពាណិជ្ជកម្មសេរីជាមួយចិនរួចរាល់ មុខដំណាំផ្សេងៗ នឹងហក់ឡើងកាន់តែច្រើន ទាំងការកែច្នៃនិងការនាំចេញ ទៅកាន់ទីផ្សារចិនបានច្រើនផងដែរ។

ជាមួយគ្នានោះលោកអគ្គនាយក រំពឹងថា នៅដើមឆ្នាំ២០២១ កម្ពុជានឹងអាចនាំចេញ ផ្លែស្វាយទៅកាន់ទីផ្សារចិន និងដើមឆ្នាំ២០២២ នឹងអាចនាំចេញផ្លែមៀនប៉ៃលិន ទៅកាន់ចិនផងដែរ ខណ:បច្ចុប្បន្នកម្ពុជាកំពុងរៀបចំមុខទំនិញទាំងនេះដាក់ទៅឲ្យភាគីចិនដើម្បីត្រួតពិនិត្យមើលលក្ខណ:បច្ចេកទេសនៃការនាំចេញ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ