ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមបញ្ជាក់ឱ្យដឹងថាចាប់ពីថ្ងៃទី២៩ ខែកក្កដាដល់ថ្ងៃទី៤ខែសីហាឆ្នាំ២០២០កម្ពុជានឹងបន្តមានភ្លៀងធ្លាក់រាយប៉ាយតិចទៅច្រើនហើយមានបាតុភូតធម្មជាតិដូចជាផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ជាដើម។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយមចេញផ្សាយនៅថ្ងៃទី២៨ ខែកក្កដាឆ្នាំ ២០២០ បានឲ្យដឹងយ៉ាងដូច្នេះថាដើមតាមរយៈនៃការប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុសង្កេតឃើញថាខ្យល់មូលសូងនិរតីបក់ក្នុងកម្រិតបង្គួរលើកម្ពុជា។ខណៈប្រព័ន្ធសម្ពាធទាបអូសបន្លាយលើប្រទេសថៃ ឡាវ និងវៀតណាម។

ក្រសួងបានបន្តថាស្ថានភាពបែបនេះធ្វើឲ្យបណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាលរបស់កម្ពុជាភ្លៀងនឹងធ្លាក់រាយប៉ាយជាមួយនឹងបរិមាណពីមធ្យមទៅច្រើនក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ខ្លាំង។

ក្រសួងក៏បានលើកឡើងថាចំពោះបណ្តាលខេត្តនៅតំបន់ជួរភ្នំដងរែកនិងខ្ពងើរាបឦសាននឹងអាចមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតពីមធ្យមទៅបង្គួរក្នុងនោះក៏មានផ្នែកខ្លះអាចមានភ្លៀងធ្លាក់ច្រើនផងដែរ។ចំណែកឯបណ្ដាខេត្តនៅតំបន់មាត់សមុទ្រវិញក៏នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយលើក្នុងកម្រិតពីតិចទៅបង្គួរ។

ស្ថានភាពបែបនេះក្រសួងធនធានទឹកក៏បានអំពាវនាវប្រជាពលរដ្ឋសូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតធម្មជាតិដូចជា ផ្គរ រន្ទះនិងខ្យល់កន្ត្រាក់។

ជាមួយគ្នានោះដែរក្រសួងក៏បានឲ្យដឹងទៀតថាចាប់ពីថ្ងៃទី៣១ ខែកក្កដាដល់ថ្ងៃទី ៤សីហានៃទីទំនាបជាប់ជួរភ្នំនិងផ្លូវទឹកសូមប្រុងប្រយ័ត្នកម្ពស់ទឹកជំនន់។

ដោយឡែកនៅលើផ្ទៃសមុទ្រនឹងអាចមានភ្លៀងធ្លាក់ច្រើននិងរលកសមុទ្របកបោកខ្លាំងចាប់ពីថ្ងៃទី១ដល់ទី៣ខែសីហាឆ្នាំ ២០២០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ