ភ្នំពេញ ៖ ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា តាមការស្រាវជ្រាវជំនាញ និងផ្អែកតាមបទពិសោធន៍កន្លងមកបង្ហាញថា អនុតំបន់ទន្លេមេគង្គ និងតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្តាលនៃការផលិត និងចរាចរគ្រឿងញៀន សម្រាប់ឧក្រិដ្ឋជនបន្ត ចែកចាយក្នុងតំបន់ និងពិភពលោក ដូច្នេះភាគីពាក់ព័ន្ធ ត្រូវតែមានវិធានការជាបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យ ដ៏គ្រោះថ្នាក់នេះ។

សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២០ កម្លាំងមានសមត្ថកិច្ចរបស់កម្ពុជា បានបង្ក្រាបករណីគ្រឿងញៀន ដោយ ឃាត់ខ្លួនអ្នកពាក់ព័ន្ធបានប្រមាណជាង ១ម៉ឺន ៣ពាន់នាក់ ដែលក្នុងនោះ ករណីមួយចំនួនធំត្រូវបាននាំចូលមកកម្ពុជា តាមព្រំដែនគោក។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ដ្រីអាស៊ាន ស្ដីពីការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៤ និងកិច្ចប្រជុំពាក់ព័ន្ធ តា មប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្ដីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានឲ្យដឹងថា បច្ចុប្បន្ន ថ្វីត្បិត តែការរាតត្បាតនៃជំងឺកូវីដ-១៩ បានបង្កការរាំងស្ទះ និងការរឹតបន្ដឹងនានាដល់ការធ្វើ ដំណើរឆ្លងដែនក្នុងប្រទេស និងតំ បន់ ជាពិសេស សកលលោកយ៉ាងណាក៏ដោយ ក៏ប៉ុន្តែសម្រាប់កម្ពុជាកត់ សម្គាល់ឃើញថា ការជួញដូរគ្រឿងញៀន នៅតែជាបញ្ហាដ៏ក្តៅគគុក ដែលបាននិងកំពុងបង្កផលប៉ះពាល់ប្រទាក់ក្រឡាគ្នាយ៉ាងស្មុគស្មាញដល់សន្តិសុខ សុវត្ថិភា ព សុខមាលភាពសង្គម និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋទាំងនៅតំបន់ទីក្រុង រហូតរីកសាយភាយដល់ទីជនបទ។

សម្ដេច មានប្រសាសន៍ថា «តាមការស្រាវជ្រាវជំនាញ និងផ្អែកតាមបទពិសោធន៍កន្លងមកបង្ហាញថា អនុតំបន់ទន្លេ មេគង្គ ជាពិសេសតំបន់ត្រីកោណមាស នៅតែជាចំណុចកណ្តាលនៃការផលិត និងចរាចរគ្រឿងញៀនខុសច្បាប់ រួមទាំង ប្រភេទគ្រឿងញៀនសំយោគ សម្រាប់ឧក្រិដ្ឋជនបន្តចែកចាយនៅក្នុងតំបន់ និងពិភពលោក។ សកម្មភាពនេះ បាននិងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរ មកលើដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដែល យើងចាំបាច់ត្រូវតែមាន វិធានការជាក់ស្តែងបន្ទាន់ ដើម្បីកាត់បន្ថយហានិភ័យ ដ៏គ្រោះថ្នាក់នេះ»។

សម្ដេច រំលឹកថា ទោះបីកន្លងមកមាន ការបង្ក្រាបករណីគ្រឿងញៀនមួយចំនួននៅបរទេស ដែលមានប្រភពផ្ញើចេញពី ប្រទេសកម្ពុជា ក៏ប៉ុន្តែកម្ពុជា ក៏ជាប្រទេសរងគ្រោះដោយសារគ្រឿងញៀន និងជាទីតាំងឆ្លងកាត់របស់ជនល្មើស ប៉ុណ្ណោះ ហើយកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀននោះទេ ។ ដោយមើលឃើញនូវគ្រោះថ្នាក់ និងមហន្តរាយ សង្គមធ្ងន់ធ្ងរ ដែលបង្កឡើងដោយបញ្ហាគ្រឿងញៀននេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្តការជាក់លាក់ ទាំង នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រៀង រាល់៦ខែម្តង ដោយមានសម្ដេចផ្ទាល់ ធ្វើជាប្រធានយុទ្ធនាការនេះ។

ជាងនេះទៅទៀត សម្ដេច ក៏បានស្នើដល់ប្រទេសក្នុងតំបន់ ជាពិសេស រដ្ឋសមាជិកនៅក្នុងអនុតំបន់ទន្លេមេគង្គ ត្រូវបន្ត កិច្ចសហប្រតិបត្តិការគាំទ្រ គ្នាទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ឲ្យកាន់តែសកម្មថែមទៀត ដើម្បី ភាពសុខដុមរមនារបស់ប្រជាជនទាំងអស់គ្នា៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ