តោះមកដឹងពីលទ្ធផលស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្ត៖ «អរិយធម៌អេលៀនជាង ៣០ អាចកំពុងស្ថិតក្នុងកាឡាក់ស៊ីយើងនេះ»
(បរទេស)៖ ការសិក្សាទ្រង់ទ្រាយធំមួយបានបញ្ចេញលទ្ធផលដ៏គួរឲ្យភ្ញាក់ផ្អើលប្រចាំទសវត្សរ៍ថ្មីនេះតែម្តង នោះគឺអរិយធម៌អេលៀនយ៉ាងហោចណាស់ជាង ៣០ កន្លែងឯណោះ កំពុងស្ថិតនៅក្នុងកាឡាក់ស៊ី Milky Way របស់យើងនេះតែម្តង។ នេះបើតាមការចេញផ្សាយដោយវែបសាយ Independent របស់អង់គ្លេសនាថ្ងៃចន្ទ ទី១៥ ខែមិថុនា ឆ្នាំ២០២០។
ការសិក្សាថ្មីខាងលើនេះ គឺបានយោងទៅលើទ្រឹស្តីនៃការកកើតជីវិតនៅលើភពផែនដីរបស់យើង ហើយបញ្ជ្រៀបទៅលើភពនានាដែលត្រូវបានគេសង្ស័យថា អាចកំពុងមានអរិយធម៌អេលៀនកកើតឡើង ដែលសុទ្ធតែស្ថិតនៅក្នុងកាឡាក់ស៊ីយើងនេះដូចគ្នា។ ជាលទ្ធផលនៃការសិក្សាបានបង្ហាញឲ្យគ្រប់គ្នាឃើញថា ភពយ៉ាងហោចណាស់ជាង ៣០ នៅក្នុងកាឡាក់ស៊ី Milky Way អាចជាទីតាំងដែលពពួកអេលៀន កំពុងកសាងអរិយធម៌ និងកំពុងរង់ចាំយើងទៅស្វែងរក។
សាស្ត្រាចារ្យ Christopher Conselice នៃសាកលវិទ្យាល័យ Nottingham បានលើកឡើងថា «យ៉ាងហោចណាស់ភពជាង ៣០ កំពុងមានពួកអេលៀនកសាងអរិយធម៌យ៉ាងសកម្ម នៅក្នុងកាឡាក់ស៊ីយើងនេះ ដោយស្ថិតនៅក្នុងការសន្មត់ថា វាត្រូវការពេលយ៉ាងហោចណាស់ ៥ពាន់លានឆ្នាំសម្រាប់ជីវិតឆ្លាតវៃ អាចកកើតកូនចៅនៅលើភពទាំងនោះបាន មិនខុសពីជីវិតនៅលើភពផែនដីយើងឡើយ។ គំនិតនេះ គឺជាការសម្លឹងមើលទៅលើដំណើរវិវដ្ត ដោយប្រើប្រាស់ទម្រង់ខូស្មិច។ យើងអាចហៅរបៀបគណនានេះថា Astrobiological Copernican Limit (ដែនកំណត់គូភើនិកនៃតារាសាស្ត្រ និងជីវសាស្ត្រ)»។
ដែនកំណត់គូភើនិកនៃតារាសាស្ត្រ និងជីវសាស្ត្រ កើតចេញជាពីរទម្រង់នោះគឺទី ១ ដែនកំណត់ក្នុងទម្រង់ខ្សោយ (Weak Limit) ដោយវាមានន័យថា ជាទម្រង់នានានៃជីវិតឆ្លាតវៃ ដែលកកើតឡើងនៅលើភពណាមួយ ក្នុងពេលណាមួយបន្ទាប់ពី ៥ពាន់លានឆ្នាំមុន។ សម្រាប់ទី ២ វិញគឺដែនកំណត់ក្នុងទម្រង់ខ្លាំង (Strong Limit) នោះគឺទម្រង់នានានៃជីវិតឆ្លាតវៃ ដែលបានកកើតឡើងពីចន្លោះ ៤.៥ពាន់លានឆ្នាំ ទៅ ៥ពាន់លានឆ្នាំមុន។
ការសិក្សាបានកំណត់ទៀតថា ទម្រង់នៃជីវិតទាំងពីរខាងលើនេះ គឺតម្រូវឲ្យមានបរិស្ថានភពដែលពោពេញដោយលោហធាតុ ឬធាតុដែក។ វាមិនខុសពីមនុស្ស ដែលអាចមានការអភិវឌ្ឍអរិយធម៌លឿន ដោយសារតែព្រះអាទិត្យរបស់យើងពោពេញដោយលោហធាតុនោះឡើយ។ ការសិក្សានេះ គឺពិតណាស់ថា បានឆ្លងកាតការវិភាគខ្លាំងទៅលើផ្កាយរបស់ភពទាំងអស់នោះ ហើយប្រសិនបើផ្កាយទាំងនោះ មានធាតុផ្សំស្រដៀងៗព្រះអាទិត្យយើង នោះភពស្ថិតក្នុងគន្លងត្រឹមត្រូវ ដែលគោចរជុំវិញផ្កាយទាំងអស់នោះ ក៏អាចជាកន្លែងដែលពពួកជីវិតអេលៀន ងាយកសាងអរិយធម៌បានលឿន មិនខុសពីជីវិតនៅលើផែនដីនោះដែរ ឬក៏អាចខ្លាំងជាងផែនដីយើងឆ្ងាយផងក៏ថាបាន។
គួរបញ្ជាក់ថា តាមរយៈការសិក្សាអំពីបេក្ខភាពភពពិសេសៗ ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រសង្ស័យកន្លងមកនេះថា មានភាពអំណោយផលខ្លាំងសម្រាប់ជីវិតក្នុងទម្រង់ណាមួយនោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់ចំនួនជាក់លាក់តែម្តង នោះគឺភពយ៉ាងហោចណាស់ក៏ ៣៦ ដែរដែលអាចមានពពួកអេលៀនកំពុងកសាងអរិយធម៌ដូចនៅលើភពផែនដី។
ក្រុមអ្នកវិទ្យាសាស្ត្រអាចគណនាបានថា អរិយធម៌អេលៀនដាច់ស្រយាលបំផុត អាចស្ថិតនៅភពដែលមានចម្ងាយរហូតដល់ ១៧,០០០ឆ្នាំពន្លឺពីផែនដីយើង។ យ៉ាងណាក៏ដោយបេក្ខភាពដ៏គួរឲ្យចាប់អារម្មណ៍មួយ ក៏កំពុងស្ថិតនៅជិតយើងបំផុតដែរ នោះគឺភព Proxima b ដែលកំពុងគោចរជុំវិញផ្កាយ Proxima Centauri និងមានចម្ងាយ ៤.២ឆ្នាំពន្លឺពីផែនដីយើង។
Proxima b ទទួលបានថាមពលពន្លឺ ប្រហាក់ប្រហែលនឹងថាមពលដែលផែនដីទទួលពីព្រះអាទិត្យដែរ។ ហេតុដូច្នេះប្រសិនមានសារធាតុទឹកនៅលើភពនោះ ជីវិតប្រាកដជាអាចកើតមាន។ ទោះជាបែបនេះក្តីការសិក្សាអំពីធាតុផ្សំក្នុងបរិយាកាសរបស់ភពអេលៀន ដែលស្ថិតនៅជិតផែនដីយើងបំផុតមួយនេះ គឺកំពុងតែបន្តនៅឡើយ ដើម្បីឲ្យយើងអាចឈានទៅសន្មត់ថា វាមានលាក់ជីវិតឬអត់៕ RR