ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក កុយ គួង បានលើកឡើងថាកម្ពុជាបានធ្វើកំណត់ទូតតវ៉ាទៅកាន់ភាគីវៀតណាមដោយស្នើឲ្យបញ្ឈប់ជាបន្ទាន់ នូវការរំលោភបំពានលើខ្សែបន្ទាត់ព្រំដែនដែលមិនទាន់ឯកភាពគ្នា(តំបន់ស)ខណៈភាគីវៀតណាមបានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ក្នុងនោះបាន រុះរើ តង់ ចេញវិញចំនួន៣កន្លែង នៅសស់២៨កន្លែងទៀតមិនទាន់ រុះរើចេញនៅឡើយទេ ។

លោក កុយ គួង បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថាកម្ពុជាបានធ្វើកំណត់ទូតតវ៉ាទៅភាគីវៀតណាមកាលពី ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ ។ខ្លឹមសារនៃកំណត់ទូតហ្នឹង បានបញ្ជាក់ថាវត្តមានរបស់យោធាវៀតណាម នៅតាមបណ្ដោយព្រំដែន មិនទាន់បានឯកភាពគ្នាគឺបានរំលោភចំណុចទី៨ នៃ សេចក្ដីប្រកាស រួមកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ១៩៩៥ និងកថាខណ្ឌ ទី៥ ប្រការ៣នៃសន្ធិសញ្ញា បំពេញបន្ថែម ឆ្នាំ២០០៥ ក៏ដូចជារំលោភកិច្ចព្រមព្រៀងព្រំដែននានា ដែលបានបញ្ចប់ការចរចាដោយភាគីកម្ពុជា និងវៀតណាម ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា«ក្នុងកំណត់ទូតនោះផងដែរនៅចំណុច២គឺយើងបានស្នើឲ្យភាគីវៀតណាមរុះរើតង់ទាំងអស់ និងដកកម្លាំងចេញពីតំបន់ខាងលើ គឺតំបន់ដែលមិនទាន់បាន កំណត់ព្រំដែនច្បាស់លាស់ ហើយនិងបញ្ឈប់នូវ រាល់សកម្មភាពនានាជាបន្ទាន់ និងរក្សាបរិស្ថានភូមិសាស្ត្រ នៅក្នុងតំបន់ទាំងអស់នោះ ឲ្យនៅដូចសភាពដើមរហូតដល់គណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរកំណត់ច្បាស់លាស់នូវ ខ្សែបន្ទាត់ព្រំដែនក្នុងតំបន់ទាំងនោះ» ។

លោកបញ្ជាក់បន្ថែមថា «ក្នុង កំណត់ទូតនោះដែរ ក៏យើងបានស្នើ ឱ្យភាគី វៀតណាមធានាថា សកម្មភាពបែបនេះ នឹងមិនកើតឡើងជាដាច់ខាត នៅក្នុងពេលអនាគត ដើម្បីរក្សាភាពជា អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី ដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរផងដែរ» ។

បើតាមរបាយការណ៍ គឺភាគីវៀតណាមបានបោះតង់ និងដាក់កម្លាំងកងទ័ពចំនួន ៣១កន្លែង ដែលជាប់ព្រំដែនជាមួយ ស្រុកលើកដែក/ ស្រុកកោះធំ ក្នុងខេត្តកណ្ដាល និងខេត្តអានយ៉ាង របស់វៀតណាម ។ កន្លងមកនេះភាគី វៀតណាម បានរុះរើតង់ចេញវិញចំនួន៣កន្លែងប៉ុណ្ណោះ ហើយនៅសស់២៨កន្លែងទៀតដែលមិនទាន់ រុះរើចេញ ។

សូមបញ្ជាក់ថា កម្ពុជា-វៀតណាម មាន ព្រំដែនគោករួមគ្នាប្រវែង១២៧០គីឡូម៉ែត្រ ហើយរហូតមកដល់បច្ចុប្បន្ននេះភាគីទាំងពីរបានបោះបង្គោលព្រំដែនសម្រេចបាន ៨៤% នៃខ្សែព្រំដែនរួមខណៈនៅសល់ ១៦% ទៀតកំពុងដោះស្រាយ ៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ