ដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-តាកែវ-កែប ពាក់ព័ន្ធករណីឆបោកប្រាក់
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួន លោក ហាក់ វណ្ណា ប្រធានសភាពាណិជ្ជកម្មខេត្តកំពត-តាកែវ-កែប ពាក់ព័ន្ធករណីឆបោកប្រាក់។ នេះបើតាមដីការបស់លោក ម៉ៅ ស៊ីណា ចៅក្រមជំនុំជម្រះ សាលាដំបូងរាជធានីភ្នំពេញទទួលបាននៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
លោក ហាក់ វណ្ណា អាយុ៦០ឆ្នាំ កំពុងរត់គេចខ្លួន បន្ទាប់ពីប្រព្រឹត្តបទល្មើស ហើយត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគារ ចំនួន២ឆ្នាំ ដោយកំបាំងមុខ។ពីបទ «ឆបោក» ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកុម្ភៈ ឆ្នាំ២០១៦ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឲ្យផ្ដន្ទាទោសតាមបញ្ញត្តិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។តាមពាក្យបណ្ដឹងរបស់ឈ្មោះ ស៊ុន សេងហ៊ាង ។
ជាមួយគ្នានេះ ចៅក្រមជំនុំជម្រះ ក៏បានបង្គាប់ឲ្យកងកម្លាំងសាធារណៈស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះ ហាក់ វណ្ណា ដែលមានអត្តសញ្ញាណដូចខាងលើនេះផងដែរ។ ព្រមទាំងបង្គាប់ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ នៃក្រសួងមហាផ្ទៃ ទទួល និងឃុំខ្លួនជននេះរហូតដល់មានសេចក្ដីសម្រេចផ្សេង៕