លទ្ធផលនៃការនាំពោតក្រហមចេញពីកម្ពុជាទៅកាន់បណ្តាប្រទេសមួយចំនួនក្នុងតំបន់ និងក្រៅតំបន់អាស៊ី ក្នុងរយៈពេលជាងមួយឆ្នាំកន្លងទៅនេះបានបង្ហាញឲ្យឃើញថា មាននិន្នាការថយចុះយ៉ាងគំហុក ជាក់ស្តែងនៅឆ្នាំ២០១៨ កម្ពុជាសម្រេចបានការនាំចេញពោតក្រហមបាន ២០៤ ១៨៤ តោន, នៅឆ្នាំ២០១៩ សម្រេចបានត្រឹមតែ ១១៩ ៩៩៣ តោន ហើយជាពិសេសការនាំចេញពោតក្រហមរបស់កម្ពុជាក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបានត្រឹមតែ ៣៥ ៦៣៦ តោន ថយចុះប្រមាណ ១៥ ០៤៣ តោន ស្មើនឹង -២៩,៦៨% ដែលធៀបទៅនឹងរយៈ៥ខែដើមឆ្នាំ២០១៩ មានចំនួន ៥០ ៦៧៩ តោន ។ 

ទន្ទឹមនឹងនេះ ការផលិតពោតក្រហមរបស់កសិករកម្ពុជាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលបួនឆ្នាំកន្លងទៅនេះ គឺសម្រេចបាន ១ ១១៤ ៩៥៦ តោន នៅឆ្នាំ២០១៩, សម្រេចបាន ១ ០៦៣ ៦៧៧ តោន នៅឆ្នាំ២០១៨, សម្រេចបាន ៥៩៦ ១១២ តោន នៅឆ្នាំ២០១៧ និង ៣៣៣ ០៥៨ តោន នៅឆ្នាំ២០១៦ ។ 

លទ្ធផលខាងលើគឺនេះបានបង្ហាញនូវក្តីមោទនៈជាតិ និងជាការពេញចិត្តសម្រាប់ប្រជាជន និងរាជរដ្ឋាភិបាលទៅវិញ បើទោះបីបានឃើញតួលេខនាំចេញពោតក្រហមមានការថយចុះក្នុងរយៈពេលជាងមួយនេះ ព្រោះប្រាកដណាស់ថា បរិមាណពោតក្រហមដែលសល់ពីការនាំចេញយ៉ាងច្រើនសន្ធឹកសន្ធាប់ បានដឹកនាំចូលទៅកាន់រោងចក្រកែឆ្នៃចំណីសត្វក្នុងស្រុក ស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញការកែឆ្នៃផលិតផលកសិកម្ម និងបង្កើនការចិញ្ចឹមសត្វក្នុងស្រុក រួមទាំងការអនុវត្តគោលនយោបាយរបស់កម្ពុជាក្នុងការដំឡើងពន្ធនាំចូលពោតក្រហមពីខាងក្រៅមកកែឆ្នៃនៅកម្ពុជា ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ