៥ខែកម្ពុជានាំចេញអង្ករបានជាង ៣៥ម៉ឺនតោន កើនឡើង៤២,៣៤%
រដ្ឋមន្ត្រីក្រសួងកសិកម្មឯកឧត្តម វេង សាខុន បានបង្ហាញលទ្ធផលនៃការនាំចេញអង្ករដែលបានឆ្លងកាត់ការត្រួតពិនិត្យភូតគាមអនាម័យ ក្នុងរយៈពេល ៥ខែដើមឆ្នាំ២០២០ សម្រេចបាន ៣៥៦ ០៩៧ តោន កើនឡើងប្រមាណ ១០៥ ៩២៥ តោន ស្មើនឹង ៤២,៣៤% ។
ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២០នេះ សម្រេចការនាំចេញអង្ករបាន ចំនួន ៥៥ ៨៤៥ តោន កើនឡើងចំនួន ១៩ ៤៣៦ តោន ស្មើនឹង ៥៣,៣០% ធៀបទៅនឹងខែឧសភា ឆ្នាំ២០១៩ ដែលក្នុងនេះមាន៖ អង្ករក្រអូបគ្រប់ប្រភេទមានចំនួន ៥១ ៦៨៣ តោន, អង្ករចម្រុះគ្រប់ប្រភេទមានចំនួន ៣ ៥៧៨ តោន និងអង្ករចំហ៊ុយមានចំនួន ៥៨៤ តោន ។
ប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងរយៈពេល ៥ខែនេះ មានចំនួន ៥៤ប្រទេស នៅក្នុងសហភាពអ៊ឺរ៉ុបមានប្រទេសចំនួន ២៤ ក្នុងចំណោម២៨ ប្រទេស, ប្រទេសចិន, ប្រទេសសមាជិកអាស៊ានចំនួន ៦ ហើយនិងនៅទ្វិបដ៏ទៃទៀតចំនួន ២៣ ប្រទេស ។ ទន្ទឹមនឹងនេះក៏មានក្រុមហ៊ុនចំនួន ៥ ក្នុងចំណោម ៤៩ក្រុមហ៊ុន ដែលបាននាំចេញអង្ករច្រើនជាងគេ៕SP