(ភ្នំពេញ) នៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០ ក្រោមការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានសហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលស្ទឹងមានជ័យទី៣ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ ឈ្មោះ និន ស្រីពៅ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ និងឈ្មោះ Longe Olaouwa Akindele ភេទប្រុសអាយុ ៣០ឆ្នាំ ជនជាតិនីហ្សេរីយ៉ា នៅចំណុចផ្ទះជួលលេខ ៦៥E ផ្លូវលេខ១៨ ក្រុម៦ ភូមិដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទឆបោកប្រាក់ (ផ្ញើអីវ៉ាន់ពីប្រទេសក្រៅ) តាមដីកាបញ្ជាឱ្យចូលខ្លួនលេខ ១២១ និងលេខ ១២២ អ.យ.ក របស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ចុះថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២០។ បន្ទាប់មក ដោយបានការអនុញ្ញាតពីលោក សេងហៀង ព្រះរាជអាជ្ញារង និងដោយមានការចូលរួមពីលោក ផាន់ លីវ៉ា ក្រឡាបញ្ជី កម្លាំងចម្រុះបានធ្វើការឆែកឆេរ ផ្ទះជនសង្ស័យនិងដកហូតយកសម្ភារមួយចំនួន និងធ្វើការបិទទ្វារផ្ទះជាបណ្ដោះអាសន្ន។

ជនសង្ស័យបានសារភាពពីការឆបោកតាមបណ្តាញសង្គម(ក្លែងគណនីហ្វេសប៊ុកផ្ញើអីវ៉ាន់ពីក្រៅប្រទេស) បានប្រហែលជិត២ឆ្នាំ និងបានឱ្យជនរងគ្រោះផ្ញើប្រាក់ឱ្យខ្លួនបានសម្រេចប្រហែលជិត២០នាក់ សរុបប្រាក់ប្រហែល ៥ម៉ឺនដុល្លារអាមេរិក។ ចំពោះជនសង្ស័យដែលជាជនជាតិស្បែកខ្មៅម្នាក់ទៀត ដែលឱ្យរូបនាងទៅដកប្រាក់ជំនួសកន្លងមកសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្តទៀត។ បច្ចុប្បន្នជនសង្ស័យទាំង០២នាក់នេះ ត្រូវបាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យាកសាងសំណុំរឿងបញ្ជូនទៅតុលាការហើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ