តើគួររកការគាំទ្រហិរញ្ញវត្ថុជំនួញថ្មីថ្មោងបែបណា?
ការចាប់ផ្ដើមអាជីវកម្មមួយតម្រូវឲ្យមានការតាំងចិត្តខ្ពស់ ការលើកទឹកចិត្ត និងយល់ដឹងពីផ្លូវ (យុទ្ធសាស្ត្រ) ដែលត្រូវធ្វើដំណើរឆ្ពោះរកភាពជោគជ័យ។ ទន្ទឹមនឹងនេះ វិធីសាស្ត្រក្នុងការស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុក៏សំខាន់ ដែរ ព្រោះបើគ្មានមូលដ្ឋានគ្រឹះផ្នែកនេះរឹងមាំនោះ អាជីវកម្មរបស់អ្នកអាចនឹងដួលរលំភ្លាមៗបានដែរ។ ខាងក្រោមនេះ ជាគន្លឹះខ្លីៗ សម្រាប់ប្រិយមិត្ត មិត្តយុវវ័យ ដែលចង់បើកអាជីវកម្មដោយខ្លួនឯង ដើម្បីជាទុនគំនិត ស្វែងយល់ ពីអ្វីដែលត្រូវធ្វើដើម្បីជួយឲ្យអាជីវកម្មថ្មីនោះទទួលជោគជ័យ។
១. សរសេរគម្រោងផែនការដោយលម្អិតពីទឹកប្រាក់ដែលអ្នកត្រូវការក្នុង ការចាប់ផ្ដើមអាជីវកម្ម ដោយក្នុងនោះត្រូវរាប់បញ្ចូលផ្នែកដែលត្រូវចំណាយទាំងអស់។ បន្ទាប់ពីលម្អិតបែបនេះហើយ អ្នកអាចកំណត់ខ្ទង់ចំណាយប្រហាក់ប្រហែលសម្រាប់ចាប់ផ្ដើមអាជីវកម្ម របស់អ្នក។ ក្រៅពីនេះ អ្នកអាចបង្ហាញពីគម្រោងរបស់អ្នកដល់ដៃគូជំនួញ ឬអ្នកវិនិយោគណាដែលចាប់អារម្មណ៍នឹងជំនួញរបស់អ្នក ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ។
២. វិភាគលើហិរញ្ញវត្ថុរបស់អ្នកដើម្បីដឹងច្បាស់ថា តើអ្នកមានថវិកាប៉ុន្មានដើម្បីចំណាយលើការចាប់ផ្ដើម។ បើថវិការបស់អ្នកមិនគ្រប់គ្រាន់ អ្នកគួរសន្សំដោយកាត់បន្ថយការចំណាយលើតម្រូវការមិនសូវចាំបាច់ ឬអាចរកការងារបន្ថែមម៉ោងធ្វើដើម្បីទទួលបានប្រាក់ចំណូលបន្ថែម ទៀត។
៣. សាកសួរមិត្តភ័ក្ដិ ឬបងប្អូនដែលមានចំណាប់អារម្មណ៍លើអាជីវកម្មដែលអ្នកចង់បើក ដើម្បីស្វែងរកការគាំទ្រពីពួកគេ។
៤. ស្វែងរកកម្ចី ឬការបង់រំលោះលើផ្នែកអាជីវកម្មពីធនាគារ ឬស្ថាប័នមីក្រូហិរញ្ញវត្ថុដទៃទៀត។ បើមានកម្មវិធីគាំទ្រពិសេសណាមួយពាក់ព័ន្ធនឹងអាជីវកម្មរបស់អ្នក អ្នកអាចអាចស្វែងរកការគាំទ្រដោយផ្ទាល់ពីកម្មវិធីនោះ។ SP