មន្ដ្រីជំនាញ រំពឹងថា ការនាំចេញអង្កររបស់កម្ពុជា នៅឆ្នាំ២០២០ នឹងកើនដល់ជិត ១លាន តោន
ភ្នំពេញ ៖ លោកងិន ឆាយ ប្រតិភូ រាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក ដ្ឋានកសិកម្ម បានពឹងទុកថា នៅឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់បណ្ដា ប្រទេសនានា នៅលើពិភពលោក នឹងមានការកើនឡើងរហូតដល់ទៅជិត១លានតោន ខណ:ត្រឹមតែរយ:ពេល៥ខែ នៅឆ្នាំនេះ កម្ពុជានាំចេញអង្ករបានចំនួនជាង៣០ម៉ឺនតោន។
ក្នុងសន្និសីទសារព័ត៌មាន ស្តីពី “សក្ដានុពលនាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ដែលមានការទាក់ទងនឹងភូតគាមអនាម័យ”នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ លោកងិន ឆាយ បានថ្លែងថា គិតត្រឹមរយ:ពេល ៥ខែនៅឆ្នាំ២០២០នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ បណ្ដាប្រទេសនានាលើពិភពលោក បានចំនួន៣៥.៦០០០តោន បើធៀបនឹងរយ:ដូចគ្នា នៅឆ្នាំ២០១៩ ចំនួននេះមានការកើនឡើងគួរឲ្យកត់សម្គាល់។
លោក បានថ្លែងថា «ចឹងទំហំនៃការនាំចេញរបស់យើង ខ្ញុំសង្ឃឹមថាជាពិសេសអង្ករ នៅឆ្នាំនេះ តាមការប៉ាន់ស្មាន ប្រហែលជាអាចបាន យើងប៉ាន់ស្មាន ទាំងអស់គ្នា ប្រហែលជាបាន ជិត១ លានតោន ប្រសិនបើជាតាមសន្ទុះនៃការកម្ម៉ង់ ឬមួយក៏ ការប៉ាន់ស្មានពីសហព័ន្ធស្រូវ អង្ករ យ៉ាងហោចណាស់ ក៏យើងបានប្រហែល ជា៨០ម៉ឺនតោន អីដែរ»។
លោកបន្ថែមថា រហូតមកដល់ពេលនេះ កម្ពុជា បាននាំចេញ កសិផល ទៅកាន់បណ្ដាលនានា លើពិភពលោកបានចំនួន៦០ប្រទេស ដោយក្នុងនោះនាំចេញកសិផលទៅកាន់ទីផ្សារអឺរ៉ុប បានចំនួន១៦មុខទំនិញផងដែរ។
សូមរំលឹកថា កាលពីឆ្នាំ២០១៩ កម្ពុជា នាំចេញអង្ករ បានចំនួន៦២ម៉ឺនតោន ទៅកាន់បណ្ដា ប្រទេសនានា លើពិភពលោក៕EB