បែបបទសំខាន់ៗមួយចំនួនដែលពលរដ្ឋខ្មែរ ត្រូវអនុវត្តពេលមកដល់ប្រទេសកូរ៉េ បើមិនចង់ទទួលរងការផាកពិន័យ និងជាប់ពន្ធនាគារ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការណែនាំដល់ពលករខ្មែរ និស្សិត -អាណិកជនខ្មែររៀបការស្វាមី-ភរិយាកូរ៉េ អ្នកទេសចរណ៍ អ្នកជំនួញ និងអ្នកធ្វើដំណើរឆ្លងកាត់កូរ៉េទៅកាន់ប្រទេសទី៣ ទាំងអស់ អនុវត្តតាមការណែនាំខាងក្រោមដើម្បីកុំឱ្យមានការផាកពិន័យ៖
១- សម្រាប់អ្នកពលករធ្វើការនៅកូរ៉េទាំងអស់ (ទោះបីមានលំនៅដ្ឋានច្បាស់លាស់ក៏ដោយ)៖
ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19រួច មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី Self-Diagnosis បន្ទាប់មក ត្រូវរង់ចាំលទ្ធផល រយៈពេល៦ម៉ោង នៅអាកាសយាន្តដ្ឋាន។
ក្នុងករណីលទ្ធផលអវិជ្ជមាន៖ មន្រ្តីនៅអាកាសយាន្តដ្ឋាននឹងបង្ហាញផ្លូវ(រថយន្តក្រុង) ទៅតាមតំបន់របស់គាត់ ពេលទៅដល់ស្ថានីយ៍រថយន្តក្រុង ឬរទេះភ្លើង មានមន្រ្តីសុខាភិបាលតាមតំបន់ នឹងមកទទួល រួចបញ្ជូនទៅមណ្ឌលសុខភាពដើម្បីបន្តពិនិត្យកម្តៅ បំពង់ក និងច្រមុះម្តងទៀត ទន្ទឹមនឹងនោះមន្រ្តីសុខាភិបាលនឹងទាក់ទងទៅថៅកែដើម្បីផ្ទៀងផ្ទាត់ និងសួរថាតើថៅកែមានបន្ទប់-បន្ទប់ទឹកដាច់ដោយឡែកដែរឬទេ? បើមិនមានទេ ជននោះនឹងត្រូវបញ្ជូនទៅមណ្ឌលសុខភាព១ទៀតតាមការសម្រេចរបស់ប្រធានមណ្ឌលសុខភាពដោយចំណាយអាហារជាបន្ទុករបស់សាមីខ្លួន ។ចំពោះករណីលទ្ធផលវិជ្ជមាន៖ រដ្ឋាភិបាលកូរ៉េនឹងទទួលបន្ទុកទាំងការព្យាបាល ស្នាក់នៅ និងអាហារ។
២- សម្រាប់និស្សិត -អាណិកជនខ្មែររៀបការស្វាមី-ភរិយាកូរ៉េ៖ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19 មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី Self-Diagnosis ករណីអត់មានចេញរោគសញ្ញាពាក់ព័ន្ឌនឹង COVID-19 ទេ នឹងត្រូវបានដាក់អោយនៅដោយឡែកដោយខ្លួនឯង១៤ថ្ងៃ ក្រោមការតាមដាន និងត្រួតពិនិត្យជាប្រចាំតាមការតម្លើងកម្មវិធី Self-Diagnosis។
៣- ចំពោះអ្នកកាន់ទិដ្ឋាការទេសចរណ៍ និងជំនួញ៖ ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក និងមេរោគCOVID-19មន្រ្តីអន្តោប្រវេសន៍ផ្ទៀងផ្ទាត់អាស័យដ្ឋាន លេខទូរស័ព្ទ និងការតម្លើងកម្មវិធី Self-Diagnosis បន្ទាប់មក ត្រូវរង់ចាំលទ្ធផល រយៈពេល៦ម៉ោង នៅអាកាសយាន្តដ្ឋាន និងបន្តស្នាក់នៅកន្លែងដែលរដ្ឋាភិបាលកូរ៉េរៀបចំជូន។
ករណីលទ្ធផលអវិជ្ជមាន៖ ត្រូវបន្តស្នាក់នៅដាច់ដោយឡែក រយៈពេល១៤ថ្ងៃ ដោយចំណាយទាំងអស់ជាបន្ទុករបស់សាមីខ្លួន ប៉ុន្តែបើករណីលទ្ធផលវិជ្ជមាន រដ្ឋាភិបាលកូរ៉េនឹងទទួលបន្ទុកទាំងការព្យាបាល ស្នាក់នៅនិងអាហារ។
៤- អ្នកធ្វើដំណើរឆ្លងកាត់កូរ៉េទៅកាន់ប្រទេសទី៣ ៖ ពេលមកដល់អាកាសយាន្តដ្ឋានអន្តរជាតិកូរ៉េ មន្រ្តីនៅព្រលាននឹងត្រួតពិនិត្យកំដៅ ច្រមុះ បំពង់ក ប៉ុន្តែមិនត្រូវបានដាក់អោយនៅដាច់ដោយឡែកទេ ហើយក៏មិនអនុញ្ញាតអោយចេញពីបរិវេណអាកាសយាន្តដ្ឋានដែរ។
ក្នងករណីដែលបងប្អូនមិនអនុវត្តតាមការណែនាំខាងលើ ជនល្មើសអាចនឹងទទួលរងនូវការផាកពិនិ័យជាទឹកប្រាក់រហូតដល៉ ១០លានវ៉ុន និងជាប់ពន្ធនាគារ៕SP