បន្ទាយមានជ័យ ៖ កម្លាំងបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានស្រាវជ្រាវបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់មួយកន្លែង និងបានដកហូតម៉ូតូជាង ៣០គ្រឿង ដែលម្ចាស់ទីតាំងបានមកពីការទទួលផលចោកម្ម។ បន្ទាប់ពីបង្ក្រាប និងដកហូតវត្ថុតាង កម្លាំងកងរាជអាវុធហត្ថ បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលធ្លាប់បាត់ម៉ូតូសូមយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីប្រគល់ជូនវិញ។



ការចុះបង្ក្រាបទីតាំងហាងបញ្ចាំខុសច្បាប់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងកងរាជងាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណីលួចម៉ូតូ ហើយជនសង្ស័យបានយកម៉ូតូដែលលួចបានទៅលក់ឲ្យម្ចាស់ទីតាំងនោះ រហូតមានការស្រាវជ្រាវចុះបង្ក្រាបតែម្ដង។



សូមបញ្ជាក់ថា នៅវេលាម៉ោង១ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការឃាត់ខ្លួនជនសង្ស័យលួចម៉ូតូ១នាក់ឈ្មោះ ខន ដាវ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដកវត្ថុតាងម៉ូតូ១គ្រឿង ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីសួរនាំ។



លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងតាមបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ស៊ុន សៀវអេង ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។



មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បន្ថែមថា ក្រោយពេលស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យរួចមក កម្លាំងជំនាញ និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការស្រាវជ្រាវ ឈានដល់ការឆែកឆេរទីតាំងទទួលផលចោរកម្មមួយកន្លែង ស្ថិតនៅមណ្ឌល៤ ភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត រកឃើញមានម៉ូតូចំនួន៣១គ្រឿង និងម៉ូតូកង់បីចំនួន១គ្រឿង សុទ្ធតែម៉ូតូដែលបានមកពីការទទួលផលចោរកម្មកន្លងមក ចំណែកជនសង្ស័យដែលជាអ្នកទទួលបញ្ចាំបានរត់គេចខ្លួនបាត់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ