នាយករដ្ឋមន្ត្រី ប្រកាសថា កងកម្លាំងមានសិទ្ធិបាញ់ការពារខ្លួន ចំពោះអ្នកនេសាទល្មើសច្បាប់តដៃ ចង់សម្លាប់សមត្ថកិច្ច
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមានទៅកាន់អ្នកនេសាទល្មើសច្បាប់តដៃ បើកទូកដេញបុកសមត្ថកិច្ច ថា កងកម្លាំងមានសិទ្ធិការពារខ្លួនគ្រប់យ៉ាង។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ពីទឹកដីខេត្តពោធិ៍សាត់ ខេត្តនៃដងទន្លេសាប។
សម្ដេចធិបតី ព្រមានចំៗបែបនេះ៖« យើងអនុវត្ត(ច្បាប់) យើងមិនប្រើហិង្សាជាមួយប្រជាពលរដ្ឋទេ ប៉ុន្តែបើសិនជាមានការបាញ់ប្រហារមកលើកងទ័ព ឬមួយក៏មានចេតនាធ្វើសកម្មភាពចង់ឱ្យគ្រោះថ្នាក់ណាមួយ កងទ័ពឬកងកម្លាំងប្រដាប់អាវុធមានសិទ្ធិការពារខ្លួន ខ្ញុំប្រាប់! ព្រោះប្រជាជនធម្មតាគ្មានអាវុធទេ។ អ៊ីចឹង អ្នកដែលប្រព្រឹត្តខុស កុំចង់សាកយកកាំភ្លើង បាញ់កងទ័ព បាញ់ប៉ូលិស បាញ់ប៉េអឹម កុំឱ្យសោះ! កុំយកទូកមកចង់បុក ពន្លិចទូករបស់កងកម្លាំងនៅកណ្ដាលទន្លេ»។
សម្ដេចធិបតី ប្រាប់ទៅកងទ័ព កងកម្លាំងវិញថា បើជនល្មើសគឃ្លើន ចង់សម្លាប់សមត្ថកិច្ចបែបនេះ សមត្ថកិច្ច ប្រើសិទ្ធិការពារខ្លួនបាញ់វិញទៅ ចាំខ្ញុំការពារ តែត្រូវធ្វើឱ្យស្របច្បាប់៕