បង្ក្រាបទូកដឹកទំនិញមួយគ្រឿងតាមសមុទ្រចេញពីថៃ រកឃើញកញ្ឆាក្រៀមជាង ៦១គីឡូក្រាម និងសារធាតុផ្សំជាង ៥០០គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ខេត្តកោះកុង
កោះកុង ៖ ទូកដឹកទំនិញមួយគ្រឿងចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាតាមផ្លូវសមុទ្រ ត្រូវបានកម្លាំងអាវុធហត្ថខេត្តកោះកុង សហការជាមួយកម្លាំងគយចល័តបង្ក្រាប និងរកឃើញកញ្ឆាក្រៀមជាង៦១គីឡូក្រាម និងសារធាតុផ្សំផ្សេងទៀតជាង ៥០០គីឡូក្រាម នៅចំណុចមុខព្រែកប៉ាក់ខ្លង ភូមិ១ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
របាយការណ៍របស់មេបញ្ជាការអាវុធហត្ថខេត្តកោះកុង នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានបញ្ជាក់ថា ការឃាត់ទូកឈើដឹកទំនិញចំនួន ១គ្រឿង ពេលកំពុងដឹកទំនិញចេញ ពីប្រទេសថៃ តាមផ្លូវទឹក (តាមសមុទ្រ) ចូលមកប្រទេសកម្ពុជា ដោយមានសង្ស័យទើបនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង១៣៖០០នាទី កម្លាំងឆែកឆេរត្រួតពិនិត្យរាល់ឥវ៉ាន់ដែលមាននៅលើទូក។
ក្រោយពីកម្លាំងជំនាញយកសំណាកទៅធ្វើតេស្តពិសោធន៍រួចពិនិត្យឃើញថា មានកញ្ឆាក្រៀម ចំនួន១២៤កញ្ចប់ (ធំ ១២២កញ្ចប់ និងតូច ០២កញ្ចប់) ស្មើនឹង ៦១.២០គីឡូក្រាម ពិតជាកញ្ឆាពិតប្រាកដមែន។ ដោយឡែកម្សៅក្រាមចំនួន ៨៩៩កញ្ចប់ (ធំ ៤៩២កញ្ចប់ និងតូច ៥០៧កញ្ចប់) ស្មើនឹង ៥១០.៣០គីឡូក្រាម ពុំមានសារធាតុញៀនទេ គឺជាម្ស៉ៅសម្រាប់ធ្វើភេសជ្ជៈ។
បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅការិយាល័យគយ និងរដ្ឋាករប៉ាក់ខ្លង ខេត្តកោះកុង ជាបណ្តោះអាសន្ន ចំណែកជនសង្ស័យកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកឃាត់ខ្លួន ដើម្បីអនុវត្តតាមនីតិវិធី៕