អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា បដិសេធចំពោះការចុះផ្សាយប្រឌិត ដោយទូរទស្សន៍កូរ៉េថា «ពលរដ្ឋខ្លួន ត្រូវបានបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា»
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ បានចេញមកបដិសេធយ៉ាងដាច់អហង្កាចំពោះការចុះផ្សាយរបស់ទូរទស្សន៍កូរ៉េមួយ ដែលបានចោទប្រកាន់ថា «ពលរដ្ឋរបស់ខ្លួន រងគ្រោះដោយអំពើបង្ខាំងធ្វើការខុសច្បាប់ និងចាប់ជំរិតនៅកម្ពុជា»។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រោយឃើញការចែកចាយរបស់សារព័ត៌មានកូរ៉េ ដោយអនុវត្តតាមបទបញ្ជារបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី, លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ សថេត អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ភ្លាម។
ជាលទ្ធផលនៃការស្រាវជ្រាវ កាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤កន្លងទៅ មានជនជាតិកូរ៉េម្នាក់ បានទំនាក់ទំនងមកប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ និងបានអះអាងថា ប្ដីរបស់ខ្លួនធ្វើការនៅអគារអាយខន ស្ថិតក្នុងខណ្ឌសែនសុខ ដោយទំនាក់ទំនងមិនបានឡើយ។
ក្រោយមកកម្លាំងជំនាញ បានចុះទៅដល់ទីតាំងដែលសង្ស័យក្នុងសេចក្ដីរាយការណ៍ និងរកឃើញថា មិនមានការចាប់ជំរិត ឬចាប់បង្ខាំងមនុស្សដោយខុសច្បាប់ឡើយ។ រួចសមត្ថកិច្ចបានរកឃើញ និងប្រគល់ជនជាតិកូរ៉េនោះ ទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ ដើម្បីធ្វើការសួរនាំបន្ដ។ បន្ទាប់ពីសួរនាំ ជនជាតិកូរ៉េខាងលើបានអះអាងថា ខ្លួនមិនត្រូវបានចាប់ជំរិត ឬបង្ខាំងឲ្យធ្វើការដោយខុសច្បាប់អ្វីឡើយ។
ក្រោយបញ្ចប់ការសួរនាំតាមនីតិវិធី នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានអន្ដោប្រវេសន្ដ បានបញ្ជូនជនជាតិកូរ៉េខាងលើទៅកាន់ប្រទេសដើមវិញរួចរាល់។
ក្នុងន័យនេះ អ្នកនាំពាក្យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានសង្កត់ធ្ងន់ថា ចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ទូរទស្សន៍កូរ៉េនោះ មិនមែនជាការពិតនោះឡើយ ហើយអគ្គស្នងការដ្ឋាននគរបាលជាតិ សូមធ្វើការបដិសេធយ៉ាងដាច់អហង្កា ច្រានចោលទាំងស្រុង និងអំពានាវដល់ស្ថានីយ៍ទូរទស្សន៍កូរ៉េនោះ ធ្វើការកែសម្រួលនូវការផ្សាយព័ត៌មាននេះឡើងវិញ៕