សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅមេដឹកនាំក្រុមប្រឆាំងថា កាលនៅជាសមាជិកសភា ហេតុអ្វីមិនស្នើដកកិច្ចសហប្រតិបត្តិការ CLV ហើយទើបមកអុចអាលនាពេលក្រោយមកនេះ
មណ្ឌលគិរី ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្តលើកជាសំណួរទៅមេដឹកនាំក្រុមប្រឆាំងដែលកំពុងរស់នៅក្រៅប្រទេសថា ពេលនៅជាសមាជិកសភា ហេតុអ្វីមិនស្នើសុំដកកម្ពុជាពីកិច្ចសហប្រតិបត្តិការ CLV-DTA? ហេតុអ្វីទើបមកតវ៉ាអុចអាលនាពេលក្រោយមកនេះ? តើមានអាថ៌កំបាំងអ្វីនៅពីក្រោយ?
សម្តេចមហាបវរធិបតី ចោទសួរបែបនេះ នាឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ទំនប់អូរតេធិបតី ស្ថិតនៅខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ខណៈខេត្តមណ្ឌលគិរី រួមជាមួយខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ក៏ធ្លាប់ស្ថិតក្នុងកិច្ចសហប្រតិបត្តិការ CLV-DTA នោះដែរ។
សម្ដេចបវរធិបតី បានរំឭកថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចដកចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA កាលពីពេលកន្លទៅរួចមកហើយ ប៉ុន្តែមានអ្នកមួយចំនួននៅតែតវ៉ា រិះគន់ អុចអាលរឿង CLV-DTA នេះដដែល ខ្លះថារាជរដ្ឋាភិបាលភូតភរប្រជាពលរដ្ឋជាដើម។
សម្ដេចបវរធិបតី បានជម្រាបជូនសាជាថ្មីថា ចាប់ពីពេលនេះទៅ កម្ពុជានឹងមិនមានកិច្ចសហប្រតិបត្តិការបែបនេះ ឬកិច្ចប្រជុំបែបនេះជាមួយភាគីពាក់ព័ន្ធទៀតនោះឡើយ។ កិច្ចសហប្រតិបត្តិការ CLV-DTA មិនមែនជាក្របខណ្ឌអភិវឌ្ឍតំបន់ភាគឦសានតែមួយគត់នោះទេ ប៉ុន្តែការដកចេញពីកិច្ចសហប្រតិបត្តិការនេះជាការសម្រេចចិត្តរបស់កម្ពុជា ដើម្បីកុំឱ្យមានការព្រួយបារម្ភ ការមន្ទិលសង្ស័យពីសំណាក់ប្រជាពលរដ្ឋ និងកុំឱ្យក្រុមប្រឆាំងបានជាលេសបំភ្លៃប្រជាពលរដ្ឋក្រៅប្រទេសតទៅទៀត។
ទោះបីយ៉ាងនេះក្ដី តែអ្នកនយោបាយខ្លះនៅតែបន្តអុចអាល និងឈានទៅដល់បបួលពលរដ្ឋខ្មែរនៅក្រៅប្រទេសធ្វើបាតុកម្មប្រឆាំងរាជរដ្ឋាភិបាល។
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «អ្វីដែលគួរអស់សំណើច អ្នកដឹកនាំគេ អ្នកបំផុសគេទាំងនោះ ដែលមានអតីតគណបក្សសមរង្ស៊ី ក្រោយមកមានអតីតគណបក្សសង្គ្រោះជាតិ ពេលដែលខ្លួននៅក្នុងសភា កាលដែលអនុវត្តកិច្ចព្រមព្រៀង CLV នេះ ហេតុអីមិនសើរើពេលនោះ មានពេលខ្លះបញ្ជូនសមាជិកបក្សរបស់ខ្លួនចូលទៅប្រជុំ តែអត់មាននិយាអីទាំងអស់ ទើបតែឥឡូវមកថារឿងហ្នឹងខុស ថាមិនល្អ»៕