ភ្នំពេញ ៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានអំពាវនាវដល់ប្រជាពលរដ្ឋកំពុងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ យកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំសំចៃថវិការដ្ឋ។

តាមរយៈសេចក្ដីជូនព័ត៌មានរបស់ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ គឺជាឯកសារផ្លូវការដ៏មានសារសំខាន់ សម្រាប់បញ្ជាក់អត្តសញ្ញាណជាពលរដ្ឋខ្មែរ និងត្រូវផ្តល់ជូនប្រជាពលរដ្ឋខ្មែរគ្រប់រូប សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ដើម្បីទទួលបាននូវសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ជាមូលដ្ឋានរបស់បុគ្គល។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីនីតិវិធី លក្ខខណ្ឌ នៃការសុំផ្តល់ និងប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រង់ប្រការ៧ បានកំណត់ថា «ប្រជាពលរដ្ឋដែលទទួលបាន អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ រួចហើយ ត្រូវថែរក្សាឱ្យបានល្អ បង្ការការបាត់ ឬខូច ដើម្បីទុកប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ តាមការកំណត់នៃច្បាប់»។

ទោះជាយ៉ាងនេះក្តី អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានសង្កេតឃើញថា មានប្រជាពលរដ្ឋមួយចំនួនតូចមិនបានយល់ពីសារសំខាន់ នៃអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនោះ និងបានប្រើប្រាស់ខុសពីគោលបំណងនៃការផ្តល់ជូនដោយមិនបានប្រុងប្រយ័ត្ន និងមិនបានថែរក្សាឱ្យបានត្រឹមត្រូវគត់មត់។

ជាក់ស្តែងនាពេលថ្មីៗនេះ មានករណីផ្សព្វផ្សាយវីដេអូពីពលរដ្ឋម្នាក់ដែលបានយកសន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ជាឧបករណ៍ដេញហ្គីតាលេងកម្សាន្ត បណ្តាលឱ្យបាក់ របក ខូច ដែលជាទង្វើមិនគប្បី និងជាគំរូមិនល្អ។

អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានឱ្យដឹងទៀតថា ការប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក្នុងគោលបំណងមិនត្រឹមត្រូវ បានធ្វើឱ្យខូចខាតអសារបង់ដែលជាការខ្ជះខ្ជាយការចំណាយថវិការដ្ឋ។ សូមបញ្ជាក់ថា ក្នុងគោលបំណងគាំពារប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានទទួលបន្ទុកចំណាយទាំងស្រុងទៅលើ ការផលិត និងផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋគ្រប់រូបដោយឥតគិតថ្លៃ។

ក្នុងន័យនេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានគូសបញ្ជាក់ថា «សូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប ដែលកំពុង ប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សូមមេត្តាយកចិត្តទុកដាក់ថែរក្សាឱ្យបានគត់មត់ ដើម្បីជួយសន្សំសំចៃថវិការដ្ឋ និងលើកតម្លៃអត្តសញ្ញាណរបស់ជាតិយើង»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ