អ្នកនាំពាក្យរាជរដ្ឋាភិបាល ៖ យុវជនត្រូវហាត់ពុតលត់ដំជាមួយការងារដើម្បីក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនត្រូវហាត់ពុតលត់ដំខ្លួនជាមួយការងារ ដោយមិនត្រូវរុញរាក្នុងការធ្វើការងារលំបាកៗឡើយ ហើយត្រូវរៀនសូត្រពីការងារជាប្រចាំ។ ធ្វើបែបនេះទើបក្លាយខ្លួនជាមនុស្សពូកែ និងមានប្រយោជន៍សម្រាប់គ្រួសារនិងសង្គម។
លោកបន្តថា ក្នុងវ័យនេះ ក្មួយៗត្រូវខិតខំធ្វើការងារលំបាកៗឱ្យបានច្រើន ដោយមិនត្អូញត្អែរ មិនមើលបំណាំគ្នា និងមិនខ្លាចនឿយហត់ទើបក្លាយជាមូលធនមនុស្សសម្រាប់ជាតិ។ បើតាមលោក ប៉ែន បូណា លើពិភពលោកយើងនេះ គ្មានការងារណាស្រួលហើយបានប្រាក់ខែច្រើននោះទេ ដូច្នេះយុវជនកុំទម្លាប់ធ្វើការងារតិច តែត្រូវមានទម្លាប់ធ្វើការងារច្រើន ហើយសប្បាយចិត្ក រីករាយជាមួយការងារដែលខ្លួនកំពុងធ្វើ ទើបទទួលបានសមិទ្ធផលល្អសម្រាប់ខ្លួនឯងនាពេលអនាគត។
អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសង្កត់ធ្ងន់ថា នៅពេលដែលអ្នកធ្វើការងារច្រើនជាងគេ មិនត្រូវគិតថា ហេតុអ្វីខ្លួនខិតខំធ្វើការច្រើនជាងគេ ហើយទទួលបានប្រាក់ខែដូចគេដែលធ្វើការតិចជាងនោះឡើយ ព្រោះនេះជាគំនិតមិនជឿនលឿន និងរារាំងការលូតលាស់ និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនឯង។ ផ្ទុយទៅវិញ ក្មួយៗត្រូវគិតថា យើងមានការងារធ្វើច្រើន មានន័យថា យើងជាមនុស្សមានប្រយោជន៍ និងមានសមត្ថភាពទើបថ្នាក់ដឹកនាំប្រគល់ការងារឲ្យច្រើន។ នេះជាអ្វីដែលយើងត្រូវសប្បាយចិត្ត ពីព្រោះកន្លែងធ្វើការណាក៏ដោយ ក៏គេត្រូវការមនុស្សដែលមានប្រយោជន៍ដែរ។
ការលើកឡើងរបស់លោក ប៉ែន បូណា បានធ្វើឡើងនៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលផ្ទៃក្នុងស្ដីពី «ជំនាញសម្របសម្រួលកម្មវិធី» នៅសាលសេរីភាព នៃអគារទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥។
ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល (អ.អ.រ) បានរៀបរាប់ថា អ.អ.រ បានយកចិត្តទុកដាក់លើការរៀបចំកម្មវិធីបណ្ដុះបណ្ដាលផ្ទៃក្នុងសម្រាប់ថ្នាក់ដឹងនាំ ក្រុមជំនួយការ និងមន្ត្រីរាជការ ដើម្បីឱ្យការងារប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព និងអភិវឌ្ឍការងារបានមួយកម្រិតទៀត ទាំងជំនាញទន់ និងជំនាញរឹង។
លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីសង្ឃឹមថា សិក្ខាកាមដែលចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ នឹងអាចយល់ដឹងពីជំនាញសម្របសម្រួល និងចំណេះជំនាញថ្មីៗ ដើម្បីឆ្លើយតបនឹងតម្រូវការការងារប្រចាំថ្ងៃរបស់អង្គភាពបាន។ លោក ក៏បានថ្លែងអំណរគុណដល់លោកគ្រូឧទ្ទេសនាម ប្រាក់ សម្ផស្ស សាស្ត្រាចារ្យពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ដែលបានចំណាយពេលវេលាពេញមួយថ្ងៃ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធ មកបង្ហាត់បង្រៀនពីរបៀបសម្របសម្រួលនៅក្នុងវគ្គបណ្តុះបណ្តាលនេះ៕