ក្រុមហ៊ុន WorldBridge Groupចុះអនុស្សរណៈ នៃការយោគយល់ជាមួយក្រុមហ៊ុនមកពីប៉ូឡូញស្វែងរកការវិនិយោគកែច្នៃអាហារ
ភ្នំពេញ ៖ ក្រុមហ៊ុន LipCo Foods ដែលជាក្រុមហ៊ុនកែច្នៃអាហារដ៏លេចធ្លោមួយមកពីប្រទេសប៉ូឡូញ និងក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីស្វែងរកការពិភាក្សា និងឱកាសសហការបន្ថែមទៀតនៅក្នុងវិស័យកែច្នៃអាហារ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។
ក្រុមហ៊ុន LipCo Foods គឺជាក្រុមក្រុមហ៊ុនប៉ូឡូញឈានមុខគេដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ ដែលបង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups។ ក្រុមហ៊ុន LipCo Foods ផ្តល់ជូននូវផលិតផលម្ហូបអាហារដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ដោយផ្តោតលើនិរន្តរភាព និងការពេញចិត្តរបស់អតិថិជននៅក្នុងទីផ្សារពិភពលោក ។ បច្ចុប្បន្នពួកគេគឺជាអ្នកផលិតដ៏ធំបំផុតមួយនៅអឺរ៉ុប និងធំជាងគេនៅក្នុងប្រទេសប៉ូឡូញ។
MoU នេះត្រូវបានចុះហត្ថលេខាដោយ លោក César Lipka នាយកប្រតិបត្តិនៃ ក្រុមហ៊ុន LipCo Foods និង អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ។ ភាពជាដៃគូនេះមានគោលបំណងបង្កើនភាពខ្លាំងរបស់អង្គការទាំងពីរ និងដើម្បីបង្កើនសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជារបស់ ក្រុមហ៊ុន LipCo ក្នុងការកែច្នៃម្ហូបអាហារ និង ចំណេះដឹងទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ របស់ ក្រុមហ៊ុន WorldBridge នឹងនាំដឹកនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេមកទីផ្សារកម្ពុជា។
អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ ហើយមានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បីស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។ MoU នេះជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារនៅកម្ពុជា ។
គួរបញ្ជាក់ថាក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រចម្រុះលើផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត គ្រុបបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម ៕