ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតជូន លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា (Cambodia Logistics Association-CLA) និងគណៈប្រតិភូអម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ក្នុងជំនួបនាព្រឹកនេះ លោកប្រធានសមាគមភស្តុភារកម្មកម្ពុជា បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្រ្តីអំពីគោលបំណង និងសកម្មភាពការងាររបស់សមាគម ជាពិសេសបង្ហាញសមាសភាពថ្មីរបស់ក្រុមប្រឹក្សាភិបាលនាអណត្តិទី៩ ឆ្នាំ២០២៤-២០២៦ ដែលទើបជ្រើសតាំងក្នុងចំណោមសមាជិកសមាគមទាំងអស់ប្រមាណ ១៤០រូប។

ភ្ជាប់ក្នុងឱកាសនៃជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាន៍ណែនាំមួយចំនួនជូនដល់សមាគម ក៏ដូចជាបានលើកបង្ហាញអំពីផែនការគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ២០២៣-២០៣៣ ដែលរាជរដ្ឋាភិបាលបានកំណត់គោលដៅ១០ឆ្នាំ ក្នុងការអភិវឌ្ឍនគម្រោងចំនួនសរុប១៧៤ ជាមួយតម្រូវការថវិកាសរុបប្រមាណ ៣៦.៦លានដុល្លារអាម៉េរិក។

បច្ចុប្បន្ន មានគម្រោងមួយចំនួនស្ថិតក្នុងផែនការមេនេះកំពុងដំណើររួចមកហើយ រួមមាន គម្រោងសាងសង់ផ្លូវល្បឿនលឿន-ភ្នំពេញបាវិត គម្រោងព្រែកជីកហ្វូណនតេជោ ហើយគម្រោងមួយចំនួនទៀតមានលក្ខណៈជាគម្រោងផ្នែកទន់ដែលផ្តោតទៅលើការសម្រួលបែបបទនីតិវិធីកិច្ចសម្រួលពាណិជ្ជកម្មឆ្លងកាត់ព្រំដែនជាដើម។

ជាងនេះទៅទៀត លោកឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីភាពចាំបាច់ក្នុងការពិនិត្យលទ្ធភាពបញ្ចុះតម្លៃដឹកជញ្ជូនទាំងផ្លូវគោក ផ្លូវទឹក និងភស្តុភារកម្មពាក់ព័ន្ធ ដោយធានាឱ្យបាននូវប្រសិទ្ធភាព សំដៅបង្កើនឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។

បន្ទាប់ពីទទួលបានអនុសាសន៍ណែនាំដោយផ្ទាល់របស់ លោកឧបនាយករដ្ឋមន្ត្រី រួចមក លោក ហាក់ លាងហ៊ ក្នុងនាមប្រធានសមាគមភស្តុភារកម្មកម្ពុជា បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ព្រមទាំងទទួលយកអនុសាសន៍ណែនាំទាំងអស់ទៅចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព។

សូមជម្រាបជូនថា សមាគមភស្តុភារកម្មកម្ពុជាត្រូវបានបង្កើតកាលពីឆ្នាំ២០០៤ ដែលពីមុនមានឈ្មោះថា សមាគមភ្នាក់់ងារបញ្ជូនទំនិញកម្ពុជា ហៅកាត់ថាCAMFFA និងក្រោយមកទៀតត្រូវបានដូរឈ្មោះជាសមាគមភស្តុភារកម្មកម្ពុជា(CLA)។ សមាគមភស្តុភារកម្មកម្ពុជានេះបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ទាំងក្នុងនិងក្រៅប្រទេសក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ