ឧបនាយករដ្ឋមន្ត្រី ស សុខា កំណត់គោលការណ៍ផ្ដល់ក្របខ័ណ្ឌបំពេញជួសថ្មី ៨០ភាគរយ ឱ្យថ្នាក់ក្រោមជាតិ
ភ្នំពេញ ៖ ចាប់ពីឆ្នាំ២០២៥ តទៅ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានកំណត់គោលការណ៍ក្របខ័ណ្ឌបំពេញជួសថ្មីសម្រាប់ក្រសួងមហាផ្ទៃ ដោយទុកសម្រាប់ថ្នាក់ជាតិ តែ ២០ភាគរយប៉ុណ្ណោះ ក្រៅពីនេះគឺផ្ដល់អាទិភាពសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងមន្រ្តីរាជការស៊ីវិល និងកងកម្លាំង ពោលគឺបើជានគរបាល គឺត្រូវតែផ្ដល់ឱ្យគ្រប់គ្រាន់សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ អធិការដ្ឋាន វរនគរបាលការពារព្រំដែន និងស្នងការដ្ឋាន ខណៈសុីវិល គឺក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ការសម្រេចចិត្តយ៉ាងដូច្នេះរបស់ លោកឧបនាយករដ្ឋមន្ត្រី ស សុខា គឺដោយយោងទៅលើភាពចាំបាច់នៃការពង្រឹង និងពង្រាយ ធនធានមនុស្សនៅថ្នាក់ក្រោមជាតិ ស្របពេលថ្នាក់ជាតិបានផ្ទេរមុខងារ និងធនធានឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែច្រើន ដែលទាមទារចាំបាច់នូវចំនួនមន្ត្រីរាជការសមស្រប សម្រាប់អនុវត្តតួនាទីភារកិច្ចបម្រើសេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
សម្រាប់ឆ្នាំ២០២៥នេះដូចគ្នា លោកបណ្ឌិតអ្នកនាំពាក្យរង បានបន្ថែមថា លោកឧបនាយករដ្ឋមន្ត្រី ស សុខា នឹងផ្ដោតលើការពង្រឹងគុណភាពមន្រ្តីដែលមានស្រាប់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយជំរុញទាំងការបណ្ដុះបណ្ដាលផ្ទៃក្នុងតាមអង្គភាពនីមួយៗ និងកម្មវិធីអប់រំបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពទាំងបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដោយភ្ជាប់ទៅនឹងបរិបទនៃការងារឌីជីថល។
សូមបញ្ជាក់ថា សម្រាប់ឆ្នាំ ២០២៥ ថ្មីៗនេះ ក្រសួងមហាផ្ទៃបានប្រកាសអំពីលទ្ធផលនៃការប្រឡងក្របខ័ណ្ឌនគរបាលជាតិបំពេញជួស ដោយក្នុងចំណោមបេក្ខជនសរុប មានបេក្ខជនប្រឡងជាប់ប្រមាណ ៧០០ នាក់ សម្រាប់ក្របខ័ណ្ឌនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ដែលស្ថិតក្នុងមូលដ្ឋានកំណើតរបស់ពួកគេ និងជាច្រើនអ្នកទៀតនៅតាមអធិការដ្ឋាន និងស្នងការដ្ឋាននគរបាល។ នេះជាសមិទ្ធផលថ្មីមួយនៃការពង្រាយធនធានមនុស្សដែលជាកូនចៅប្រជាពលរដ្ឋ ទៅដល់មូលដ្ឋានប្រជាពលរដ្ឋផ្ទាល់ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលត្រង់មុំធនធានមនុស្ស ក្រោមការដឹកនាំប្រកបដោយប្រតិភាណរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៕