ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់ លើសកលលោក។

នាឱកាសអញ្ជើញជាអធិបតីភាពដឹកនាំបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ លោក ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងថា «បញ្ហាគ្រឿងញៀន បានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយ មិនតែសម្រាប់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយទៅជាសត្រូវដ៏កាចសាហាវមួយរបស់បណ្តាប្រទេសទាំងអស់នៅលើសកលលោក ដែលស្របជាមួយបញ្ហាអសន្តិសុខសកល ដែលកំពុងកើតឡើងផងនោះ ក្រុមឧក្រិដ្ឋជនទុច្ចរិត បានឆ្លៀតឱកាសបង្កើនសកម្មភាព និងឧបាយកលរបស់ខ្លួនក្នុងការផលិត ចែកចាយ ជួញដូរ និងចរាចរ ជាពិសេសនៅតំបន់ ត្រីកោណមាស និងអឌ្ឍច័ន្ទមាស»។

លោកឧបនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហាដ៏ស្មុគស្មាញនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែឈរលើគោលការណ៍ដ៏រឹងមាំមុតស្រួចមួយ ក្នុងការតម្កល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាទិសដៅអាទិភាពចម្បងបំផុត និងដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្ត្រ និងវិធីសាស្ត្រ គ្រប់បែបយ៉ាង ដើម្បីឆ្លើយតបទាន់ពេលនូវរាល់បញ្ហា និងការពារថែរក្សាសង្គមកម្ពុជាជាសង្គម ស្អាតស្អំ ដែលគ្រឿងញៀនលែងជាឧបសគ្គដល់កិច្ចអភិវឌ្ឍជាតិ។

បើយោងតាមការបញ្ជាក់របស់ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា កម្ពុជានៅតែបន្តរងការគំរាមកំហែងពីនិន្នាការ នៃគ្រឿងញៀនសកល ជាពិសេស ពីតំបន់ត្រីកោណមាស។ លទ្ធផលនៃកិច្ចប្រតិបត្តិការបង្រ្កាបបង្ហាញថា បទល្មើសគ្រឿងញៀនពុំមានការថមថយនោះទេ បើធៀបនឹងឆ្នាំ២០២៣៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ