ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាបានបំបែកឯតទគ្គកម្ម ក្នុងការអនុម័តគម្រោងវិនិយោគចំនួន ៤១៤គម្រោង គិតជាទឹកប្រាក់ជាង ៦ពាន់លានដុល្លារ ដែលទាំងនេះ គឺជាផលកើតចេញពីការរួមគ្នារវាងរាជរដ្ឋាភិបាល ជាមួយវិស័យឯកជន។

នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាត បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យឯកជន ដើរតួនាទីសំខាន់ណាស់ក្នុងការទាក់ទាញ វិនិយោគិនបរទេសមកវិនិយោគនៅក្នុងប្រទេសកម្ពុជា រីឯរាជរដ្ឋាភិបាល គ្រាន់តែជាអ្នកបើកផ្លូវ ជាអ្នកសម្របសម្រួលប៉ុណ្ណោះ។

សម្តេចបវរធិបតី បន្ដថា ឆ្នាំ២០២៤ គឺជាឆ្នាំដែលកម្ពុជាបំបែកឯតទគ្គកម្មលើបណ្ដាឆ្នាំកន្លងមក ក្នុងការអនុម័តគម្រោងវិនិយោគ។

សម្តេចបវរធិបតី មានប្រសាសន៍ថា «ឆ្នាំ២០២៤នេះ បើទិន្នន័យដែលយើងបានពី (ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) CDC គឺយើងទទួលបាន ៤១៤គម្រោង បានន័យថា អនុម័ត ៤១៤គម្រោង ស្មើនឹងទឹកប្រាក់ជាង ៦ពាន់លានដុល្លារ នូវគម្រោងដែលបានស្នើសុំ និងទទួលបានការអនុម័ត នៅក្នុងការវិនិយោគនៅកម្ពុជា។ បើតាមទិន្នន័យគឺជាឆ្នាំច្រើនគេ មិនដែលមានឆ្នាំណាតាំងពីមុនមក ដែលក្នុងមួយឆ្នាំជាង ៤០០គម្រោងនេះទេ បានន័យថា បំបែកឯតទគ្គកម្ម ក្នុង CDC»។

ជុំវិញបញ្ហានេះ សម្តេចបវរធិបតី បានឱ្យដឹងថា ទាំងនេះ បានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាង រដ្ឋាភិបាល និងវិស័យឯកជន គឺបានដើរទៅមុខហើយ។ សម្ដេច ថា ក្នុងរយៈពេល ២ខែ ឆ្នាំ២០២៥នេះ CDC ក៏បានអនុម័តគម្រោងចំនួន ៤៤គម្រោង គិតជាទឹកប្រាក់ជាង ៣០០លានដុល្លារផង៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ