ភ្នំពេញ ៖ លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានថ្លែងលើកទឹកចិត្ត ឲ្យក្រសួង-ស្ថានប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ឡាវ បន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀត សំដៅជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ ។

ការលើកទឹកចិត្ត របស់នាយករដ្ឋមន្ត្រីឡាវ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ នាឱកាសនៃដំណើរបេសកកម្មចូលរួម កិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ នៅទីក្រុងវៀងច័ន្ទន៍ ប្រទេសឡាវ។

ក្នុងជំនួបនេះ លោកស្រីរដ្ឋមន្រ្តី បាននាំសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជូនចំពោះ លោកនាយករដ្ឋមន្រ្តីឡាវផងដែរ។

ឆ្លៀតក្នុងឱកាសនេះ លោកស្រីរដ្ឋមន្រ្តីបានជម្រាបជូន ដោយសង្ខេបពីលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា-ឡាវលើកទី២ ដែលបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ដែលក្នុងនោះ ភាគីទាំងពីរបានប្តេជ្ញាចិត្តជំរុញបង្កើនទំហំពាណិជ្ជកម្មរបស់ប្រទេសទាំងពីរដោយ (១) .
ពិនិត្យលើសក្ដានុពលនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងប្តេជ្ញាចិត្តបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី (២). ពិនិត្យលទ្ធភាពបង្កើតយន្តការផ្សេងៗដើម្បីពង្រីកទំហំពាណិជ្ជកម្មទ្វេភាគី (៣). ពិនិត្យលទ្ធភាព បង្កើតយន្តការប្រជុំប្រចាំឆ្នាំនៃរដ្ឋបាលខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងពិនិត្យលើគំនិតផ្ដួចផ្ដើមដទៃទៀត ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានឯកភាពរួមទាំងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និង (៤) ជំរុញឱ្យមានការតាំងពិព័រណ៍, វេទិកាធុរកិច្ច និងវិនិយោគ, ទេសចរណ៍, ការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការនៃសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម ឧស្សាហកម្មឡាវ ជាដើម។

ជាកិច្ចឆ្លើយតប នាយករដ្ឋមន្ត្រីឡាវ បានផ្តល់ការគាំទ្រចំពោះលទ្ធផល និងគំនិតផ្តួចផ្តើមដែលរដ្ឋមន្រ្តីពាណិជ្ជកម្មទាំងពីរបានពិភាក្សា និងលើកទឹកចិត្តឲ្យក្រសួង-ស្ថានប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្តជាប់ព្រំដែន បន្តកិច្ចសហការឱ្យកាន់តែសកម្មបន្ថែមទៀត សំដៅជំរុញកំណើនពាណិជ្ជកម្ម និងវិនិយោគរបស់ប្រទេសទាំងពីរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ