ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានក្រើនរម្លឹកមន្ត្រីនៃក្រសួងបរិស្ថានថា កុំដើម្បីតែលុយបន្តិចបន្តួចបានមកពីការសូកប៉ាន់របស់ក្រុមហ៊ុនខិលខូចមួយចំនួន ដែលលួចបង្ហូរកាកសំណល់ រាវចូលក្នុងប្រភពទឹកបំពុលទឹក បំពុលបរិស្ថាន ហើយសុខចិត្តធ្មេចភ្នែកមិនប្រជាពលរដ្ឋរងគ្រោះថ្នាក់ពីការបំពុលប្រភពទឹករហូតប៉ះពាល់ដល់អាយុជីវិត។

លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត ក៏បានប្រាប់ទៅកាន់មន្ត្រីក្រសួង និងភាគីក្រុមហ៊ុន ឱ្យគិតពិចារណាថា បើផលប៉ះពាល់កើតចេញពីការបំពុលប្រភពទឹកនេះ កើតឬធ្លាក់ទៅលើក្រុមគ្រួសាររបស់ខ្លួន នឹងមានអារម្មណ៍បែបណា និងអាយុជីវិតរបស់ប្រជាពលរដ្ឋ គឺមានតម្លៃថ្លៃជាងរោងចក្រដែលបង្ហូរកាកសំណល់ចូលទៅក្នុងប្រភពទឹកទៅទៀត។

ការក្រើនរម្លឹកបែបនេះ របស់លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន បានធ្វើឡើងនៅក្នុងឱកាសបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំ ស្តីពីការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្ត និងការវាយតម្លៃបរិស្ថានជាយុទ្ធសាស្រ្តសម្រាប់អាជីវកម្មបូមខ្សាច់ទន្លេ នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានរម្លឹកយ៉ាងដូច្នេះថា៖ «មន្ត្រីក្រសួងបរិស្ថានត្រូវចាំ កុំដើម្បីលុយបន្តិចបន្តួចឱ្យប្រជាពលរដ្ឋខ្មែរ អ្នកស្លូតត្រង់រងគ្រោះដោយសារយើង ព្រោះយើងជាតំណាងគាត់ យើងជាអ្នកការពារគាត់ យើងជាអ្នករក្សាប្រភពទឹកឱ្យគាត់ ដើម្បីជំនាន់ក្រោយតទៅទៀត អ៊ឹចឹងទេសុំសូមក្រែប្រែឥរិយាបថក្នុងករណីដែលបានប្រព្រឹត្តិខុសកន្លងមក»។

នាឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថាមូលហេតុដែលក្រុមហ៊ុនមួយចំនួនលួចបង្ហូរកាកសំណលរាវចូលទៅក្នុងប្រភពទឹកដូចជាស្ទឹង ប្រឡាយ គឺព្រោះតែក្រុមហ៊ុនមួយចំនួននោះចង់កេងចំណេញជ្រុល ដោយមិនចាំបាច់ចំណាយថវិកាសាងសង់អាងប្រព្រឹត្តិកម្មទឹក និងចំណាយថវិកាសម្អាតទឹកសំណល់ទាំងនោះឱ្យបានស្អាត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ