យន្ដហោះដឹកអ្នកដំណើរ បុកគ្នាកណ្ដាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក ក្បែរអាកាសយានដ្ឋានក្នុងទីក្រុងវ៉ាស៊ីនតោន
វ៉ាស៊ីនតោន ៖ យន្ដហោះដឹកអ្នកដំណើរមួយគ្រឿង បានបុកគ្នានៅកណ្ដាលអាកាស កាលពីយប់ថ្ងៃពុធ ទី២៩ ខែមករា (ម៉ោងនៅទីក្រុងវ៉ាស៊ីនតោន) ជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk ហើយបានធ្លាក់ចូលទន្លេ Potomac ស្ថិតនៅក្បែរអាកាសយានដ្ឋាន Reagan National Airport។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រោយឧបទ្ទវហេតុនេះកើតឡើង អាជ្ញាធរអាមេរិកបញ្ជូនក្រុមអ្នកជួយសង្រ្គោះទៅកាន់កន្លែងកើតហេតុភ្លាមៗ រីឯជើងហោះហើរទាំងអស់នៅឯអាកាសដ្ឋាន Reagan National Airport ត្រូវបានផ្អាក ជាបណ្ដោះអាសន្ន។ ព្រមពេលជាមួយគ្នា អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់ទូរទស្សន៍ Fox News ថាលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលការជូនដំណឹងពី ឧបទ្ទវហេតុនេះហើយ។ ភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពី ជនរងគ្រោះណាម្នាក់ទេ។
គួរបញ្ជាក់ថា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក FAA បានឱ្យដឹងថាយន្ដហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន PSA Airlines បានបុកគ្នានៅកណ្ដាលអាកាសជាមួយឧទ្ធម្ភាគចក្រយោធាអាមេរិក Black Hawk នៅពេលហោះជិតទៅដល់អាកាសយានដ្ឋាន Reagan National Airport។
ក្រុមហ៊ុន PSA Airlines ដែលធ្វើប្រតិបត្តិការជើងហោះហើរលេខ ៥៣៤២ សម្រាប់ក្រុមហ៊ុន American Airlines គឺបាន ហោះចាកចេញពីទីក្រុង Wichita រដ្ឋ Kansas។ តាម American Airlines យន្ដហោះនេះមានផ្ទុកអ្នកដំណើរ៦០នាក់ និងក្រុមការងារនៅលើយន្ដហោះ៤នាក់ រីឯយោធាអាមេរិកអះអាងថាមានទាហាន ៣នាក់ ជិះនៅលើឧទ្ធម្ភាគចក្រ Black Hawk ៕