ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងអំណរគុណគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «សូមអរគុណចំពោះ មន្រ្តីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងគ្រប់ប្រភេទ និងកម្លាំងស្ម័គ្រចិត្តគ្រប់ស្ថាប័ន-អង្គភាពពាក់ព័ន្ធ ព្រមទាំងលោកតាលោកយាយ អ៊ំពូមីង បងប្អូនទូទាំងប្រទេស ដែលបានចូលរួមប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឱ្យប្រព្រឹត្តទៅប្រកបដោយភាពអធិកអធម សប្បាយរីករាយ សុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងជាការលើកតម្កើង និងថែរក្សាវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ជាតិខ្មែរយើងឱ្យបានឋិតថេរគង់វង្សតរៀងទៅ»។

សូមរំលឹកថា បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ទាំងនេះ គឺជាទម្លាប់មួយដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ឆ្នាំ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ