ក្រសួងព័ត៌មាន ជាឆ្មាំការពារជាតិលើសមរភូមិព័ត៌មាន និងសាធារណមតិនៅគ្រប់ដំណាក់កាល, ការពង្រឹងធនធានមនុស្សផ្នែកព័ត៌មានជារឿងដ៏ចាំបាច់បំផុត
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា នៅក្នុងកិច្ចការងារសតិអារម្មណ៍ ក្រសួងព័ត៌មានជាឆ្មាំការពារជាតិ ការពារលើសរភូមិព័ត៌មាន និងសាធារណមតិ នៅគ្រប់ដំណាក់កាលទាំងអស់ ដូច្នេះ ហើយការពង្រឹងសមត្ថភាពមន្ត្រីឱ្យកាន់តែមានសមត្ថភាពនៅក្នុងដំណាក់កាលរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) នេះ គឺជារឿងដ៏ចាំបាច់បំផុត។
ការលើកឡើងបែបនេះរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងឱកាសលោកបានអញ្ជើញជាអធិបតីពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ និងបំពាក់គ្រឿងឥស្សរិយយស ព្រមទាំងមេដាយការងារជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា«បើយើងនិយាយនៅក្នុងក្របខណ្ឌក្រសួងព័ត៌មាន ក្រសួងព័ត៌មានជាក្រសួងការពារជាតិកម្ពុជាលើសមរភូមិព័ត៌មាន និងសាធារណមតិ ហើយទាំងក្របខណ្ឌនៃប្រទេសជាតិស្ថិតក្នុងសង្គ្រាម និងស្ថិតក្នុងសុខសន្តិភាព តួនាទីរបស់ក្រសួងព័ត៌មាន គឺមានភាពចាំបាច់ទាំងអស់»។
លោកបានលើកឡើងថានៅក្នុងពេលសង្គ្រាម កិច្ចការព័ត៌មាននិងសាធារណមតិដើរតួនាទីសំខាន់ខ្លាំង ហើយនៅក្នុងពេលប្រទេសមានសុខសន្តិភាពក៏ព័ត៌មានមានតួនាទីសំខាន់ក្នុងការចូលរួមផ្តល់ព័ត៌មានពិតត្រឹមត្រូវ ដើម្បីចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈ ការអភិវឌ្ឍដែលកម្ពុជាមាន។ នាឱកាសនោះដែរ លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានលើកឡើងថា សង្គ្រាមរុស្ស៉ី និងអ៊ុយក្រែន គឺជាបទពិសោធ៍មួយដែលពិភពលោក ត្រូវរៀនអំពីការងារគ្រប់គ្រងព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ។
ពាក់ព័ន្ធនឹងការអភិវឌ្ឍធនធានមនុស្សរបស់ក្រសួងព័ត៌មាន, ត្រូវបានលោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា នៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ប្រទេសតួគី នឹងជួយឧបត្ថម្ភ គាំទ្រលើការបណ្តុះបណ្តាលធនធានមនុស្ស និងវគ្គបណ្តុះណ្តាលធនធានមនុស្សប្រមាណ ៨០វគ្គ នៅក្នុងឆ្នាំ២០២៥ ខណៈក្រសួងបាននឹងខិតខំប្រឹងប្រែងស្វែងរកប្រភពគាំទ្របន្ថែមទៀត ដើម្បីសម្រេចឱ្យបានគោលដៅពង្រឹងធនធានមនុស្សផ្នែកព័ត៌មាន នៅក្នុងសម័យបច្ចេកវិទ្យាឌីជីថលនេះ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានឱ្យដឹងថា សន្តិសុខព័ត៌មានត្រូវបានពង្រឹងក្នុងអាណត្តិទី៧ នៃក្រសួងព័ត៌មាន ហើយសណ្តាប់ធ្នាប់ផ្នែកសារព័ត៌មានត្រូវបានវាយតម្លៃថាមានភាពល្អប្រសើរក្នុងរយៈ ពេល១ឆ្នាំជាងមកនេះ ខណៈក្រសួងព័ត៌មាន បានកសាងការទូតព័ត៌មាន ជាមួយបណ្តាប្រទេសក្នុងតំបន់ និងពិភពលោក ដោយរួមគ្នាពង្រឹងប្រសិទ្ធភាព គុណភាពព័ត៌មាន និងសន្តិសុខព័ត៌មាន ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងដំណាក់កាលបរិបទបច្ចេកវិទ្យាឌីជីថល (AI)៕