ករណីត្រួតពិនិត្យជាតិអាល់កុលនៅខណ្ឌសែនសុខ, ការិយាល័យបុគ្គលិក កំពុងស៊ើបអង្គេតលើមន្ត្រីជាបុគ្គលម្នាក់ៗ
ភ្នំពេញ ៖ ករណីចុះត្រួតពិនិត្យជាតិអាល់កុលនៅក្នុងខណ្ឌសែនសុខ ដែលមានបាតុភាព ខាងការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស កំពុងធ្វើការស៊ើបអង្គេតលើមន្ត្រីជាបុគ្គលម្នាក់ៗ ជិតចប់នីតិវិធីនោះហើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា យោងតាមបទបញ្ជាដឹកនាំរបស់ លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិស្រវឹង រួមទាំងត្រួតពិនិត្យអាវុធជាតិផ្ទុះនៅតាមគោលដៅ សូមបន្តអនុវត្តឱ្យបានម៉ឺងម៉ាត់ គឺដើម្បីថែរក្សាការពារទ្រព្យសម្បត្តិ អាយុជីវិត និងសណ្ដាប់ធ្នាប់ សុខសុវត្ថិភាព សន្តិសុខ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ គឺជាកាតព្វកិច្ចរបស់សមត្ថកិច្ច។
សូមឱ្យមន្ត្រីអ្នកចុះអនុវត្តច្បាប់បំពេញភារកិច្ចឱ្យចំទិសដៅ និងនីតិវិធី ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សាកសមជាកម្លាំងនគរបាលជាតិ ដោយត្រូវអនុវត្តច្បាប់ប្រកាន់យកវិធានការជំនាញ និងវិធានការច្បាប់ ដោយភាពម៉ត់ចត់បំផុត។
ការចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ចំពោះមន្ត្រីមួយចំនួនតូចណាដែលរកឃើញថា អនុវត្តការងារ គ្មានវិន័យ ខ្វះក្រមសីលធម៌ វិជ្ជាជីវៈនគរបាលជាតិ ត្រូវតែទទួលវិន័យរបស់នគរបាលជាតិ ជាដាច់ខាតដោយមិនលើកលែងនោះទេ។ ដោយឡែកចំពោះករណីចុះត្រួតពិនិត្យជាតិអាល់កុលនៅក្នុងខណ្ឌសែនសុខ ដែលមានបាតុភាព ខាងការិយាល័យបុគ្គលិក ផែនការងារធនធានមនុស្ស កំពុងធ្វើការស៊ើបអង្គេតលើមន្ត្រីជាបុគ្គលម្នាក់ៗ ជិតចប់នីតិវិធីនោះហើយ។
ចំពោះមន្ត្រីណាបំពេញការងារបានល្អ គោរពវិន័យ សេចក្ដីថ្លៃថ្នូរ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈត្រឹមត្រូវសាកសមជានគរបាលជាតិ ត្រូវតែគាំទ្រការពារ លើកសរសើរ និងជូនរង្វាន់លើកទឹកចិត្ត។
លោក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ស្នើសុំប្រជាពលរដ្ឋទូទៅ សូមចូលរួមគាំទ្រគោរព និងការអនុវត្តច្បាប់ ជាមួយសមត្ថកិច្ចឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាសុវត្ថិភាព ទ្រព្យសម្បត្តិ និងអាយុជីវិត៕