ភ្នំពេញ ៖ ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលលើការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានប្រកាសបញ្ជាក់អំពីជំហរយ៉ាងមុតមាំក្នុងការលុបបំបាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានាក្នុងឆ្នាំនេះ។

ក្នុងឱកាសអញ្ជើញជាសហធិបតីភាពជាមួយ លោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានគណៈបញ្ជាការ ក្នុងពិធីផ្សព្វផ្សាយយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១០ លោកសន្ដិបណ្ឌិត នេត សាវឿន បានសង្កត់ធ្ងន់ថា ម៉ោងនេះកម្លាំងសមត្ថកិច្ចទាំងអស់មិនត្រូវគិត ឬខ្វាយខ្វល់ថា ទីតាំងដែលពាក់ព័ន្ធនោះជារបស់អ្នកណា ឬអ្នកណានៅពីក្រោយនោះទេ ពោលត្រូវតែងចាត់វិធានការភ្លាមៗ។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ឆ្នាំនេះយើងត្រូវប្ដេជ្ញាចិត្តដាច់ខាត គឺលុបបំបាត់ឲ្យបានការជួញដូរ ប្រើប្រាស់គ្រឿងញៀន នៅតាមទីតាំងសប្បាយដ្ឋាន និងក្លឹបកម្សាន្ដនានា។ ម៉ោងនេះសូមកុំគិតថាទីតាំងជារបស់អ្នកណា, អ្នកណានៅពីក្រោយ ឲ្យតែមានការពាក់ព័ន្ធ គឺត្រូវចាត់វិធានការភ្លាម»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ