សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កុំភ្ជាប់ សម្ដេច ជាមួយមេដឹកនាំពិភពលោកនានា រួមទាំងលោក ឌូទែតេ ខណៈ ហ៊ុន សែន គឺរបស់កម្ពុជា
ភ្នំពេញ ៖ ការឆ្លើយតបខ្លាំងៗបែបនេះ ដើម្បីឆ្លើយតបទៅនឹងក្រុមប្រឆាំងក្រៅប្រទេស ដែលតែងតែទាញភ្ជាប់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ទៅនឹងមេដឹកនាំពិភពលោកនានា រួមទាំងលោក ឌូទែតេ ដែលតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ចាប់ខ្លួន នាពេលថ្មីៗនេះ។
ទន្ទឹមនឹងនេះ សម្ដេច ប្រមុខរដ្ឋស្តីទី ក៏បានប្រកាសថា ហ៊ុន សែន គឺ ហ៊ុន សែន, ហ៊ុន សែន គឺរបស់កម្ពុជា។
ក្នុងពិធីពិសាភោជនាហារសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ដើម្បីអបអរសាទរក្នុងឱកាសនៃពិធីបិទសន្និបាតប្រចាំឆ្នាំ លើកទី២ បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅផែនការឆ្នាំ២០២៥” របស់សមាគមឧកញ៉ាកម្ពុជា នាល្ងាចថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា តុលាការឧក្រិដ្ឋកម្មអន្ដរជាតិ ICC ក៏ប្រទេសកម្ពុជា ជាសមាជិកដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «នៅពេលគេចាប់ ឌូទែតេ គេយក ហ៊ុន សែន ទៅផ្សារភ្ជាប់។ ខ្ញុំរំលឹករឿងនេះបន្ដិច ហើយជូនសារទៅអ្នកលើកឡើងរឿងនេះ អ្នកកុំភ្លិចថា នៅពេលគេសម្លាប់ ហ្គាដាហ្វី អ្នកប្រៀបធៀបខ្ញុំជាមួយ ហ្គាដាហ្វី។ នៅពេល អោង សានស៊ូជី ឈ្នះឆ្នោត នៅមីយ៉ាន់ម៉ា អ្នកប្រៀបធៀបខ្លួនជាមួយ អោង សានស៊ូជី ហើយដាក់ខ្ញុំ ទៅជាពួកយោធា នៅមីយ៉ាន់ម៉ា ដែលចាញ់ឆ្នោត។ ធ្វើឱ្យអ្នកមិនបានចូលស្រុករហូតដល់ពេលនេះ»។
សម្ដេចតេជោ បន្ដថា កាលពីឆ្នាំទៅ នៅពេលរដ្ឋាភិបាលបង់ក្លាដេស ត្រូវបានផ្តួររលំ អ្នកឯង ក៏បានប្រៀបធៀបកម្ពុជា ជាមួយបង់ក្លាដេសផងដែរ។ សម្ដេច បន្ដថា រឿង ឌូទែតេ ជារឿង របស់ ឌូទែតេ តែ ហ៊ុន សែន មិនមែន ឌូទែតេ។
សម្ដេចតេជោ បន្ថែមថា សម្ដេច បានប្រយុទ្ធប្រឆាំងខ្មែរក្រហម ដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។ សម្ដេច ថា «តើខ្ញុំជាអ្នកខុសឬទេ?» ផ្ទុយទៅវិញតុលាការអន្ដរជាតិកូនកាត់ នៅក្នុងអង្គជំនុំជម្រះវិសាមបានកាត់ទោសខ្មែរក្រហមរួចហើយដែរ។ ដូច្នេះ កម្ពុជា ដាក់ច្បាប់មួយ អ្នកណាមិនទទួលស្គាល់ថា «គ្មានអំពើប្រល័យពូជសាសន៍នៅកម្ពុជា ត្រូវមានទោស»។
សម្ដេច ប្រមុខរដ្ឋស្តីទី មានប្រសាសន៍ទៀតថា « សូមផ្ដាំអ្នកកុំប្រៀបធៀបអ្វីដែលជាជោគជ័យរបស់អ្នកដ៏ទៃ ទៅជាជោគជ័យរបស់អ្នក ហើយបរាជ័យទម្លាក់ឱ្យ ហ៊ុន សែន , ហ៊ុន សែន គឺ ហ៊ុន សែន , ហ៊ុន សែន គឺរបស់កម្ពុជា អ្នកត្រូវចាំ»៕