ហ្វីលីពីន ៖ កិច្ចប្រជុំអាហារពេលព្រឹក ដែលបានធ្វើឡើងវេលាព្រឹកនេះ នៅសណ្ធាគារ Makati Shangri-La បាននាំមកនូវការជួបជុំគ្នារវាងថ្នាក់ដឹកនាំធុរកិច្ចល្បីៗមកពីសហគមន៍ធុរកិច្ចហ្វីលីពីន និងកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។  ព្រឹត្តិការណ៍នេះផ្តោតលើការស្វែងយល់ពីឱកាសអាជីវកម្ម និងការពង្រឹងទំនាក់ទំនងរវាងប្រជាជាតិទាំងពីរ ។

អ្នកចូលរួមសំខាន់ៗនៅក្នុងកិច្ចប្រជុំអាហារពេលព្រឹកជាមួយនឹងថ្នាក់ដឹកនាំធុរកិច្ចនៅទីក្រុងម៉ានីល រួមមាន ឯកអគ្គរដ្ឋទូតប្រទេសហ្វីលីពីនប្រចាំនៅកម្ពុជាលោក ជំទាវ Flerida Ann Camille P. Mayo, នាយកប្រតិបត្តិជាន់ខ្ពស់មកពីសាជីវកម្មហ្វីលីពីនធំៗដូចជា SM Investments Corp, Ayala, Aboitiz Group, Megawide, Mercury Drug, Airspeed, Century Pacific Food, Philippine Airlines, ECPay, Destileria Limtuaco (ថ្នាក់ដឹកនាំជាន់ខ្ពស់នៃឧស្សាហកម្មហ្វីលីពីន និងក្រុមហ៊ុន ChamberCI Limtuaco)។

កិច្ចប្រជុំអាហារពេលព្រឹកនេះ ត្រូវបានសហការរៀបចំដោយលោក Calvin Tse អនុប្រធានក្រុមហ៊ុន WorldBridge Group សហការជាមួយស្ថានទូតហ្វីលីពីនប្រចាំទីក្រុងភ្នំពេញ ប្រទេសកម្ពុជា និងនាយកដ្ឋានពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន។ការជួបជុំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងហ្វីលីពីន និងកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល  បានគូសបញ្ជាក់អំពីគន្លងកំណើនជាវិជ្ជមាននៃផែនការដ៏ទូលំទូលាយ ផ្នែកភស្តុភាររបស់ប្រទេសកម្ពុជា ដោយបានលើកឡើងពីស្ថិរភាពនយោបាយរបស់ប្រទេស និងភាពងាយស្រួលនៃការវិនិយោគបរទេស ដែលជាកត្តាគន្លឹះក្នុងការធ្វើអាជីវកម្មនៅកម្ពុជា។
ជាមួយគ្នានោះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានពន្យល់លម្អិតអំពីសក្ដានុពលសម្រាប់កម្ពុជាក្នុងការធ្វើជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពិភាក្សាអំពីឱកាសដ៏ជោគជ័យក្នុងការផលិត និងកែច្នៃម្ហូបអាហារ ។ ចំណុចសំខាន់មួយដែលត្រូវបានគូសបញ្ជាក់គឺបរិមាណអាហារឆៅដ៏ច្រើន ដែលត្រូវបាននាំចេញទៅកាន់ប្រទេសជិតខាង ជំនួសឱ្យការកែច្នៃក្នុងស្រុក ដោយបង្ហាញពីឱកាសសម្រាប់អ្នកកែច្នៃម្ហូបអាហារដើម្បីពិចារណាពីឱកាសទីផ្សារ។

អ្នកឧកញ៉ា សៀ ឫទ្ធី វិនិយោគិនកម្ពុជាដ៏លេចធ្លោមួយរូប បានលើកឡើងពីការពិតដែលថា ប្រទេសហ្វីលីពីនមានភាពខ្លាំងខាងផ្នែកអេឡិចត្រូនិក ដោយលើកឡើងថា ជាការនាំចេញដ៏សំខាន់ និងជាពិសេសបានលើកទឹកចិត្តដល់ការផលិតក្នុងស្រុកបន្ថែមទៀតនៅក្នុងវិស័យរថយន្តអេឡិចត្រូនិក ព្រោះនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់អាស៊ានទាំងមូល។

នៅក្នុងឱកាសនោះដែរ អ្នកឧកញ៉ា សៀ ឫទ្ធី បានអញ្ជើញថ្នាក់ដឹកនាំធុរកិច្ចហ្វីលីពីន មកស្វែងយល់ទីផ្សារកម្ពុជា និងបង្កើតភាពជាដៃគូដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ