ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា ចោរប្លន់ប្រដាប់អាវុធម្នាក់ដែលបានបាញ់មកសមត្ថកិច្ចក្នុងពេលកងកម្លាំងចម្រុះបង្ក្រាប រហូតឈានដល់ការចាប់ខ្លូនបាន ហើយអះអាងថា ខ្លួនឯងធ្លាប់ជាអតីតអាវុធហត្ថម្នាក់នោះ គឺមិនមានឈ្មោះនៅក្នុងបញ្ជីកងរាជអាវុធហត្ថលើផ្ទៃប្រទេសទេ ។

ក្រោយពីមានការបង្ក្រាប និងចាប់ខ្លួនចោរប្លន់ប្រដាប់អាវុធ បាញ់តបតជាមួយសមត្ថកិច្ចនៅព្រឹកថ្ងៃ២៥ កុម្ភៈនេះ បានហើយ ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបង្ហាញពីអត្តសញ្ញាណជនសង្ស័យនោះ តាមរយៈសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាមថា នៅវេលាម៉ោងជាង៦ព្រឹកថ្ងៃ២៥ កុម្ភៈនេះ មានករណីផ្ទះអាវុធបណ្តាលឲ្យរបួសនគរបាល១រូបចំភ្លៅ នៅភូមិឡតិ៍ឥដ្ឋ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម មូលហេតុកម្លាំងនគរបាលបានប្រតិបត្តិបង្ក្រាបជនសង្ស័យប្លន់ម៉ូតូ ។ ក្នុងនោះដោយសារជនសង្ស័យបានអះអាងថា ខ្លួនជាអតីតកងរាជអាវុធហត្ថ ទើបកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានសហការជាមួយកម្លាំងនគរបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងឯកឧត្តម ព្រះរាជអាជ្ញា បានឃាត់ខ្លួនជនសង្ស័យ១នាក់។

ឧត្តមសេនីយ៍ត្រី អេង ហ៊ី បានឲ្យដឹងទៀតថា ជនសង្ស័យប្លន់ម៉ូតូនេះ មានឈ្មោះ អែម នាង ហៅប្រេស៊ីល មុខរបរអ្នករត់តាក់ស៊ី និងជាបុគ្គលិកវីញ រស់នៅភូមិកំពង់ឬស្សី ឃុំជីរោទិ៍ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និងបច្ចុប្បន្នស្នាក់នៅផ្ទះកើតហេតុ។

លោកបន្តថា ជនសង្ស័យនេះធ្លាប់ជាប់ពន្ធនាគាររយៈពេល១៨ឆ្នាំ ពីបទឃាតកម្ម នៅពន្ធនាគារត្រពាំងផ្លុង ។ ជនសង្ស័យបានអះអាងថា ខ្លួនបានចូលបម្រើអាវុធហត្ថនៅឆ្នាំ១៩៩៣ វគ្គទី១ និងបានរត់ចោលជួរនៅឆ្នាំ១៩៩៩។ ប៉ុន្តែតាមការស្រាវជ្រាវរបស់ជំនាញបុគ្គលិកកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឈ្មោះ អែម នាង មិនមានក្នុងបញ្ជីគ្រប់គ្រងកងរាជអាវុធហត្ថទេ។ លោកថា ករណីនេះ ជំនាញនគរបាលខេត្តកំពង់ចាមកំពុងបន្តនីតិវិធី៕

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ