ករណីអគ្គិភ័យឆាបឆេះព្រៃរបោះ នៅជើងភ្នំជីសូរ សមត្ថកិច្ច សន្និដ្ឋានសង្ស័យថា មានអ្នកដុតភ្លើងយកឃ្មុំ
តាកែវ ៖ ករណីអគ្គិភ័យឆាបឆេះព្រៃរបោះ នៅជើងភ្នំជីសូរ (ភ្នំតូច) មានទីតាំងស្ថិតនៅក្នុងភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ កាលពីព្រលប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថិកិច្ចសន្និដ្ឋានសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ។
តាមការឲ្យដឹងពី លោកវរសេនីយ៍ឯក ភី ឆុន អធិការ នៃអធិការដ្ឋាននគរបាលស្រុកសំរោង ថា ក្រោយកើតមានអគ្គិភ័យនេះឡើង លោកបានដឹកនាំកម្លាំងជំនាញបង្ការ និងពន្លត់អគ្គិភ័យស្រុក សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលរវៀង ប្រជាការពារ និងប្រជាពលរដ្ឋចុះជួយអន្តរាគមន៍ពន្លត់ដោយបានប្រើប្រាស់រថយន្តអង្គភាពអគ្គិភ័យបាញ់ពន្លត់រហូតរលត់ជាស្ថាពរនៅវេលាម៉ោង២០និង០០នាទី។
លោក អធិការស្រុក បញ្ជាក់ថា អគ្គិភ័យខាងលើមិនបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលលក់ដូរនៅតាមជើងភ្នំនោះទេ ពិសេសមិនបណ្តាលឲ្យប៉ះពាល់ដល់ប្រាសាទបូរាណ គឺឆេះតែព្រៃរបោះ និងស្មៅក្រាស់នៅជេីងភ្នំអស់មួយចំនួនតែប៉ុណ្ណោះ។
ដោយឡែកតាមការសន្និដ្ឋានពីសមត្ថកិច្ចថា «ករណីនេះសង្ស័យមានអ្នកដុតភ្លើងដើម្បីយកឃ្មុំ ហេីយធ្វេសប្រហេសទេីបកេីតជាអគ្គិភ័យយ៉ាងនេះទៅ»៕