ភ្នំពេញ ៖ ឆ្លើយតបជាមួយស្ថានភាពមិនច្បាស់លាស់នៃសភាពការណ៍ពិភពលោក នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិសន្ដិសុខ អាកាសចរណ៍ស៉ីវិល បានដាក់ចេញការណែនាំដាច់ខាតឲ្យគ្រប់បណ្ដាអង្គភាព ស្ថាប័នទាំងអស់ដែលមានកម្លាំងឈរជើងនៅអាកាសយានដ្ឋានអន្ដរជាតិ ត្រូវបន្ដពង្រឹងការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងគ្មានអំពើភេវរកម្ម។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយៈពេល១ឆ្នាំ របស់គណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែរបស់គ្រប់បណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមសហការគ្នាបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងជោគជ័យនាពេលកន្លងមក។

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ក៏បានឲ្យគិតគូរអំពីការធ្វើសមយុទ្ធផងដែរ ទាំងការធ្វើសមយុទ្ធលើតុ និងសមយុទ្ធនៅទីតាំងជាក់ស្ដែង ខណៈការងារធានាសន្ដិសុខ សណ្ដាប់ធ្នាប់ នៅអាកាសយដ្ឋានអន្ដរជាតិទាំងអស់ គឺមិនអាចធ្វេសប្រហែសបានឡើយ។ លោក កត់សម្គាល់ថា កន្លងមកអង្គភាព ស្ថាប័នពាក់ព័ន្ធបានរួមសហការគ្នាបំពេញបានយ៉ាងល្អយ៉ាងណាក្ដី ពិសេសពង្រឹងការចេញចូលបានយ៉ាងល្អប្រសើរ។

ប្រធានគណៈកម្មាធិការជាតិសន្ដិសុខអាកាសចរណ៍ស៉ីវិល ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានថ្លែងយ៉ាងដូច្នេះថា «ចំពោះការរក្សាដាច់ខាតនូវសន្ដិសុខ និងគ្មានអំពើភេវរកម្ម ប្រគល់ជូនឯកឧត្តម ទេសរដ្ឋមន្ដ្រី ឱម យ៉ិនទៀង ជួយដឹកនាំដោយផ្ទាល់ដល់អង្គភាពនគរបាល អាវុធ កងយោធពលខេមរភូមិន្ទ។ ត្រូវគិតទាំងសមយុទ្ធលើស្ថានភាពជាក់ស្ដែង កន្លងមកយើងធ្វើបានល្អខ្ញុំសូមកោតសរសើរ តែយើងត្រូវធ្វើបន្ដទៀត»។

ដោយឡែក សម្រាប់រដ្ឋបាលរាជធានី-ខេត្ត ដែលមានការពាក់ព័ន្ធជាមួយអាកាសយានដ្ឋាន ត្រូវបំពេញកាតព្វកិច្ចក្នុងនាមជាអង្គភាពសហការ ហើយក្នុងករណីចាំបាច់ត្រូវផ្ដល់ព័ត៌មានឲ្យគ្នាទៅវិញទៅមក។ នេះបើតាមការគូសបញ្ជាក់បន្ថែមរបស់ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន បានពញ្ញាក់ស្មារតីឲ្យគ្រប់អង្គភាពទាំងអស់ ត្រូវរួមគ្នាលើកិត្តិនាមកម្ពុជា តាមរយៈការលុបបំបាត់ភាពអសកម្ម ការកោសរួសតាមរបៀបផ្សេងៗ។ ក្នុងន័យនេះ លោកបានបញ្ជាក់ថា ដើម្បីលុបបំបាត់បញ្ហានេះត្រូវបង្កើនឲ្យមានស្ដង់ដារ SPO ក្នុងការបំពេញភារកិច្ច ដោយគិតទាំងឯកសណ្ឋាន ឥរិយាបថ និងសកម្មភាពនៃការបំពេញការងារប្រចាំថ្ងៃរបស់មន្ដ្រី ពោលត្រូវ «មានសេវាល្អ ស្អាត និងមានគុណភាព»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ