ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានជំរុញទៅអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវផ្ដល់នូវឱកាសឲ្យកាន់តែច្រើនដល់ស្ត្រី ដែលមានសមត្ថភាព ក្នុងការផ្ដល់តួនាទីភារកិច្ចការងារឱ្យពួកគេ ហើយការជ្រើសរើសនេះ ត្រូវធ្វើប្រកបដោយតម្លាភាព ។

ក្នុងឱកាសអញ្ជើញអបអរសាទរទិវាអន្តរជាតិនារី៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប» នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រី ស សុខា មានប្រសាសន៍ថា ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ បើទោះបីនាពេលបច្ចុប្បន្ន ចំនួនស្ត្រីបម្រើការងា ឬមានតួនាទីក្នុងថ្នាក់ដឹកនាំច្រើនជាងបណ្ដាក្រសួងស្ថាប័នផ្សេងក៏ដោយ ប៉ុន្តែចំនួននេះ នៅមិនទាន់មានការឆ្លើយតបទៅនឹងអ្វីដែលហៅថា សមភាពយេនឌ័រ ។

លោកឧបនាយករដ្ឋមន្ត្រី បន្តថា ទន្ទឹមនឹងនេះ គ្រប់អង្គភាពចំណុះឲ្យក្រសួង ត្រូវពិនិត្យមើលតួនាទីការងារណាមួយ ដែលមិនមានការប្រឈមចំពោះស្ត្រី ពេលបម្រើការងារ ដូចនេះគួរតែផ្ដល់អទិភាពដល់ស្ត្រី ឱ្យបានកាន់មុខតំណែង ឬតួនាទីនោះ ព្រោះស្ថានភាពខ្លះ ស្ត្រីមានភាពទន់ភ្លន់ ឬមានភាពល្អច្រើនជាងបុរស ជាពិសេសនៅទីតាំងផ្ដល់សេវាផ្ទាល់ជាមួយប្រជាពលរដ្ឋ ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានបន្ថែមថា ជាក់ស្ដែងនៅក្នុងការងារថ្នាក់ក្រោមជាតិមួយចំនួន ដូចជាច្រកចេញចូលតែមួយជាដើម ស្ត្រីក៏អាចធ្វើការនោះបាន ដែលបញ្ហានេះ សូមអគ្គនាយកដ្ឋានពាក់ព័ន្ធ ដែលចំណុះឲ្យក្រសួង សូមជួយពិនិត្យតើអាចផ្ដល់តួនាទីដល់ពួកគេ ក្នុងការងារដឹកនាំអង្គភាពបាន ប៉ុន្តែមុនត្រូវផ្ដល់តួនាទីដល់ពួកគេ យ៉ាងហោចណាស់ក៏ត្រូវធ្វើការបណ្ដុះបណ្ដាលឲ្យបានរយៈពេល ២ឆ្នាំ ។

ជាមួយនោះ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នាពេលបច្ចុប្បន្ន បើទោះបីជាតម្លៃស្ត្រីត្រូវបានលើកកម្ពស់ និងផ្ដល់សិទ្ធិស្មើភាពដូចនឹងបុរស ប៉ុន្តែពួកគេក៏នៅតែមានបញ្ហាប្រឈមមួយចំនួន ជាក់ស្ដែងដូចករណីការធ្វើចំណាកស្រុក ព្រោះតែស្ត្រីខ្មែរមួយចំនួន បានរងគ្រោះពីបញ្ហារំលោភបំពាន កេងប្រវ័ញកម្លាំងពលកម្ម ឬផ្លូវភេទ ដូចនេះគ្រប់អង្គភាពនៃក្រសួងមហាផ្ទៃ ដែលធ្វើការងារនឹងបញ្ហាចំណាកស្រុក និងអន្តោប្រវេសន៍ជាដើម ត្រូវពង្រឹងការអប់រំដល់ប្រជាពលរដ្ឋ ឲ្យបានទទួលព័ត៌មានកាន់តែច្រើន ពីហានិភ័យនៃការធ្វើចំណាកស្រុក ជាពិសេសប្រទេសដែលជាគោលដៅពួកគេចង់ទៅធ្វើការ ឱ្យទទួលបានព័ត៌មានកាន់តែច្រើន ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ