ភ្នំពេញ ៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ពិភពលោកទាំងមូល បានដើរចូលទៅក្នុងយុគសម័យ នៃបញ្ញាសិប្បនិម្មិត Ai ដូចនេះ ការចាប់ឱ្យទាន់ និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ នូវគុណភាពអប់រំ នៅកម្ពុជា ដើម្បីឱ្យយុវជនកម្ពុជា អាចទទួលបាននៅបំណិនឌីជីថល និងបំណិនបញ្ញាសប្បនិម្មិត ។

ក្នុងឱកាសអញ្ជើញបើកសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅ ឆ្នាំសិក្សា២០២៤-២០២៥ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានបញ្ជាក់ថា ក្រសួងអប់រំយុវជនកីឡា នឹងរៀបចំជាថ្នាលមួយ ដើម្បីឱ្យយុវជនកម្ពុជា អាចចូលរួមប្រើប្រាស់នូវបច្ចេកវិទ្យា Ai ។ ក្នុងនោះដើម្បីលើកកម្ពស់លទ្ធផលសិក្សារបស់សិស្ស ក្រសួងបាននិងកំពុងរៀបចំ កម្មវិធីបណ្តុះបណ្តាល នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ពាក់ព័ន្ធទៅនឹងបរិញ្ញាបត្រ Ai Cyber Security ក៏ដូចជាវិទ្យាសាស្ត្រទិន្ន័យជាដើម ។

ពាក់ព័ន្ធទៅនឹងបញ្ញាសិប្បនិម្មិត Ai នេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការបញ្ជ្រាបការប្រើប្រាស់ នៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងនៅតាមសាលារៀនជំនាន់ថ្មីរួចរាល់ហើយ ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ថា «ដូច្នេះថ្ងៃនឹងយើងនឹងប្រកាសដាក់ឱ្យប្រើប្រាស់ នូវសាលាឌីជីថលកម្ពុជា ដែលនឹងប្រើប្រាស់ប្រព័ន្ធបញ្ញាសិប្បនិម្មិតនេះ ក្នុងគោលដៅដោះស្រាយ បញ្ហាដែលយើងកំពុងតែជួបប្រទះ គឺខ្វះគ្រូក៏ដូចជាខ្វះបន្ទប់រៀន ហើយការប្រើប្រាស់បញ្ញាសិប្បនិម្មិត អាចជួយឱ្យសិស្សានុសិស្ស ជាពិសេសយុវជនជំនាន់ថ្មី អាចទទួលបាននូវចំណេះដឹងថ្មីៗ ទាល់ពេលវេលា ហើយអាចឈានទៅរកការលើកកម្ពស់ នូវគុណភាពអប់រំ ឱ្យដើរទាន់ទៅនឹងនិន្នាការសកលនៃបច្ចេកវិទ្យា Ai ហើយយើងដឹងហើយថា បច្ចេកវិទ្យា Ai គឺជាបច្ចេកវិទ្យាមួយ ដែលមានការដាក់ទុនវិនិយោគជាច្រើន រយពាន់លានដុល្លារ ហើយនិងមានការប្រែប្រួលយ៉ាងឆាប់រហ័ស ក្នុងរយៈពេល២-៣ឆ្នាំខាងមុខនេះ ក្នុងន័យនេះ ការចាប់ឱ្យទាន់នូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ក្នុងប្រព័ន្ធអប់រំ នឹងជួយកែលម្អ នូវគុណភាពអប់រំ នៅកម្ពុជា ដើម្បីឱ្យយុវជននៅកម្ពុជា អាចទទួលបាននៅបំណិនឌីជីថល និងបំណិនបញ្ញាសប្បនិម្មិត ដោយគ្រាន់តែប្រើប្រាស់ទូរសព្ទដៃ ដើម្បីធ្វើការសិក្សា ហើយកាត់បន្ថយ នៅការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធរឹង ដែលមានតម្លៃខ្ពស់»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ