ភ្នំពេញ ៖ រាជរដ្ឋាភិបាល បានណែនាំឱ្យក្រសួងពាណិជ្ជកម្ម ចិត្តទុកដាក់លើការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium លើផ្លែទុរេនដែលនាំចូលឱ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខនេះ ដើម្បីការពារអ្នកប្រើប្រាស់នៅកម្ពុជា។

ការណែនាំនេះធ្វើឡើងបន្ទាប់ពីចិនបានហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីវៀតណាម និងថៃ ក្រោយរកឃើញមានផ្ទុកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាជន។

យោងតាមលិខិតចុះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់ទីស្ដីការគណៈរដ្ឋមន្ត្រីបានបញ្ជាក់ថា «រដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បីជួយគាំទ្រដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់»។

គួររម្លឹកថា កាលពីខែតុលា ឆ្នាំ២០២៤ គយចិនលើកឡើងពីសារធាតុគីមី Cadmium ដែលមានក្នុងទុរេននាំចូលពីថៃ។ សារធាតុនេះ ជាប្រភេទលោហធាតុដែលមានជាតិពុល និងបង្កជាជំងឺធ្ងន់ធ្ងរ ប្រសិនបើប្រើប្រាស់ក្នុងបរិមាណច្រើន ដែលជាសមាសធាតុអាចបង្កជំងឺមហារីក។ ដូច្នេះបញ្ហានេះនាំឲ្យមានការផ្អាកការនាំចេញពីកន្លែងវេចខ្ចប់ និងចម្ការជាច្រើននៅថៃ រហូតដល់បញ្ហាត្រូវបានដោះស្រាយ។ ហើយថ្មីៗនេះ ចិនបានរឹតបន្តឹងលើការនាំចូលទុរេនពីវៀតណាមផងដែរ ដោយតម្រូវឱ្យប្រទេសទាំង ២ត្រួតពិនិត្យឱ្យហ្មត់ចត់ ក្នុងការនាំចូលទៅប្រទេសចិន។

យោងតាមកាសែត VN Express របស់វៀតណាមបានឱ្យដឹងផងដែរថា ក្នុងកុម្ភៈឆ្នាំ២០២៥នេះ ប្រទេសថៃបានកប់ចោលទុរេនចំនួន ៦៥.៧តោន បន្ទាប់ពីទុរេនទាំងនោះត្រូវបានច្រានចោល ដោយប្រទេសចិន ដោយសារមានប្រឡាក់សារធាតុពុលពណ៌លឿង។ ដោយសារតែបញ្ហានេះ ប្រទេសថៃបានផ្អាកចេញអាជ្ញាប័ណ្ណនាំចេញទៅឱ្យក្រុមហ៊ុនលក់ដុំទុរេនចំនួន ២៦ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការនាំចេញទុរេនដែលមានជ្រលក់សារធាតុគីមីប្រភេទនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ