ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា ចំពោះការរិះគន់រឿងនគរបាលផាកពិន័យលើអ្នកបើកបរលើសល្បឿនកំណត់នៅតាមបណ្ដាញសង្គម គឺជាវិញ្ញាសារមួយដែលត្រូវពិនិត្យឡើងវិញផងដែរ។

ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានអះអាងថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង គឺភាគច្រើនដោយសារតែកត្តាប្រើប្រាស់ល្បឿនលឿនកម្រិតកំណត់ ដូច្នេះការងារកំណត់ល្បឿនត្រូវតែបន្ដយកចិត្តទុកដាក់បន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានណែនាំដល់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវបន្ដអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀត ដោយផ្ដោតលើការបង្ការ និងទប់ស្កាត់កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ខណៈឆ្នាំ២០២៤កន្លងទៅនេះ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន២,៨៤៤លើក។

បើតាម លោកឧបនាយករដ្ឋមន្ដ្រី ស សុខា, ចំពោះការរិះគន់រឿងនគរបាលផាកពិន័យលើអ្នកបើកបរលើសល្បឿនកំណត់នៅតាមបណ្ដាញសង្គម គឺជាវិញ្ញាសារមួយដែលត្រូវពិនិត្យឡើងវិញផងដែរ។ ប៉ុន្ដែ លោក យល់ឃើញថា «ប្រសិនបើប្រជាពលរដ្ឋមានស្មារតីគោរពច្បាប់ បើកបរតាមច្បាប់កំណត់ មិនត្រូវខ្លាច ឬរិះគន់ការអនុវត្តច្បាប់របស់នគរបាលចរាចរណ៍ឡើយ ព្រោះកត្តាលឿននៅតែឈរលំដាប់លេខ១ ដែលនាំឲ្យមានគ្រោះថ្នាក់កើតឡើង»។

លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ក៏បានស្នើឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវបន្ដរួមគ្នាប្ដេជ្ញាចិត្តប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ក្នុងការចាត់វិធានការណ៍ម៉ឺងម៉ាត់ ក្នុងការកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ និងអ្នករងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០២៥ឲ្យសម្រេចបានជោគជ័យ ជាពិសេសកំណត់យក១៥ភាគរយ ប្រៀបធៀបឆ្នាំ២០២៤៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ