ប្រជាសហគមន៍នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានចាប់ត្រីរួមគ្នានៅស្រះសហគមន៍ សម្រាប់ប្រារព្ធពិធីឡើងមាឃតាមទំនៀមទម្លាប់ប្រពៃណី
សៀមរាប ៖ ពិធីចាប់ត្រីរួមគ្នាសម្រាប់ពិធីបុណ្យឡើងមាឃ គឺជាប្រពៃណី ទំនៀមមួយ ដែលបងប្អូនក្នុងតំបន់អង្គរ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួននោះ តែងតែរួមគ្នាប្រារព្ធជារៀងរាល់ឆ្នាំតពីបុរាណកាលមកមិនដែលខកខានឡើយ។ ក្នុងពិធីចាប់ត្រីនោះ នៅពេលព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋមានចាស់ ក្មេង ប្រុស ស្រីជាច្រើនរយនាក់ ក្នុងដៃមានកាន់ សំណាញ់ អង្រុត ឈ្នាង និងទ្រុងមកជួបជុំគ្នា ដោយគណៈកម្មការបានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង៧ព្រឹក ដែលមានបាញ់កាំជ្រួចធ្វើជាសញ្ញាផងដែរ។
នៅចុងសប្តាហ៍ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈឆ្នាំ២០២៥ មិនខុសពីរៀងរាល់ឆ្នាំប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានប្រកាសជាសាធារណៈឱ្យចាប់ត្រីរួមគ្នានៅក្នុងបឹងសហគមន៍ ស្ថិតនៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ជាតំបន់រមណីដ្ឋានអង្គរ ខេត្ដសៀមរាប ដោយមានអ្នកចូលរួមមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថា ពិធីចាប់ត្រីរួមគ្នានៅក្នុងបឹង សហគមន៍ ដែលត្រូវបានអភិរក្ស ថែរក្សាដោយគណៈកម្មាការក្នុងភូមិ សម្រាប់យកធ្វើម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុកនៅក្នុងពិធីឡើងមាឃ ដែលប្រជាពលរដ្ឋរស់នៅភូមិបង្កោង បានប្រកាន់ភ្ជាប់យ៉ាងខ្ជាប់ខ្ជួន តាំងពីបុរាណមកមិនដែលខកខានឡើយ។ លោកថា ពិធីចាប់ត្រីរួមគ្នានៅឆ្នាំ២០២៥នេះ មិនខុសប្លែកពីរាល់ៗឆ្នាំប៉ុន្មានឡើយ ដោយទឹកនៅក្នុងបឹងសហគមន៍សម្រាប់ឆ្នាំនេះហាក់សំបូរត្រីច្រើនជាងឆ្នាំមុន ព្រោះកាលពីរដូវវស្សាកន្លងមក អាជ្ញាធរបានព្រលែងត្រីជាច្រើនប្រភេទប្រមាណ១ម៉ឺនក្បាលនៅក្នុងបឹង ដែលធ្វើឱ្យអ្នកចូលរួមចាប់ត្រីពីក្នុងបឹងសហគមន៍នេះ មានភាពសប្បាយរីករាយ។
លោកមេភូមិ បន្តថា ឆ្នាំនេះមានភាពកុះកជាងឆ្នាំមុន ដោយបើកឱ្យចាប់ត្រីជាសាធាណៈ មិនគិតថា ប្រជាពលរដ្ឋនៅក្នុងសហគមន៍ ឬនៅមកពីទីជិតឆ្ងាយនោះទេ គឺពួកគាត់អាចរកត្រីបានដូចគ្នា ហេីយអនុញ្ញាតឱ្យប្រើប្រាស់តែឧបករណ៍បុរាណទាំងអស់ដូចជា ឈ្នាង អង្រុត និងសំណាញ់ជាដើម។ សម្រាប់ទិន្នផលត្រីឆ្នាំនេះ មានប្រហាក់ប្រហែលនឹងឆ្នាំមុន ប៉ុន្តែដោយសារឆ្នាំនេះអ្នកចុះចាប់មានចំនួនច្រើន ដូចនេះ អ្នកចាប់បានម្នាក់បន្តិចបន្តួចប៉ុណ្ណោះ។ លោកបន្តថា ប្រជាពលរដ្ឋនឹងបន្ដថែរក្សាប្រពៃណីដូនតាចាប់ត្រីនេះជារៀងរហូត ដើម្បីទាក់ទាញអ្នកទេសចរទៅកម្សាន្ដ ដោយពួកគាត់ នឹងអភិរក្សត្រីក្នុងបឹងសហគមន៍មួយនេះនៅឆ្នាំក្រោយៗទៀត។
លោក សូរ ប្លាតុង អភិបាលស្រុកប្រាសាទបាគង ពិធីចាប់ត្រីសហគមន៍ឆ្នាំនេះ មានមនុស្សចូលរួមច្រើន ដោយសារអាជ្ញាធរ បានប្រកាសចាប់ត្រីប្រពៃណីនេះជាសាធារណៈ ដោយមិនប្រកាន់អ្នកមកពីទីជិតឆ្ងាយឡើយ។ ការរៀបចំពិធីនេះ គឺទី១ រក្សាបានវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ របស់ដូនតាយើង, ទី២.ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យពួកគាត់មកឃើញ អំពីទំនៀមទម្លាប់ និង អ្វីដែលយើងបានអភិរក្សនេះ ព្រោះស្រុកប្រាសាទបាគង ជាស្រុកមរតកវប្បធម៌ និងទី៣នៅពេលគេស្គាល់កន្លែងយើងច្រើន ប្រជាសហគមន៍ និងទទួលបានចំណូល ហើយក៏មានការអភិវឌ្ឍនៅមូលដ្ឋានយើងជាបន្តបន្ទាប់ផងដែរ៕