សមាគមភស្តុភារកម្មកម្ពុជា និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ចុះ MOU ស្ដីពី ការបង្កើតកិច្ចសហប្រតិបត្តិការ
ភ្នំពេញ ៖ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលសន្និសីទសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា ( TAFTAC) បានប្រារព្ធពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU ) និងបង្កើតកិច្ចសហប្រតិបត្តិការ រវាងសមាគមភស្តុភារកម្មកម្ពុជា (CLA) និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC)។
កម្មវិធីប្រព្រឹត្តទៅក្រោមវត្តមាន លោក ហាក់ លាងហ៊ ប្រធានសមាគមភស្តុភារកម្មកម្ពុជា(CLA) និង អ្នកឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) ព្រមទាំងបានការអញ្ជើញចូលរួមជាសក្ខីភាព ពីសំណាក់ ឯកឧត្តម ឧកញ៉ា លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសនៃសមាគមទាំងពីរយ៉ាងច្រើនកុះករ។
សមាគមទំាងពីរ បានយល់ព្រមគ្នា ចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ក្នុងគោលបំណងចម្បងរួមមាន៖
ទី១- គំាទ្របង្កើតកិច្ចសហប្រតិបត្តិការ និងការពារផលប្រយោជន៍រវាងវិស័យទំាងពីរ ជម្រុញសកម្មភាព ពាណិជ្ជកម្ម នំាចេញនំាចូល នៅក្នុងប្រទេសកម្ពុជា។
ទី២- បង្កើតឱកាសទំនាក់ទំនងធុរកិច្ចពាណិជ្ជកម្ម និងវិនិយោគ។
ទី៣ - ពិគ្រោះយោបល់ កំណត់យុទ្ធសាស្រ្តរួម ដើម្បីវិស័យភស្តុភារកម្ម និង វិស័យវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
តាមរយៈនៃការចុះ អនុស្សរណៈនៃការយោគយល់គ្នានេះ សមាគមទំាងពីរ មានឆន្ទៈយ៉ាងមុតមំា ក្នុងការពង្រឹងកិច្ចសហការ ដើម្បីបង្កើតឱកាស ពាណិជ្ជកម្ម ទៅដល់សមាជិកសមាគមទំាងពីរ ប្រកបដោយអត្ថប្រយោជន៍ និង និរន្តរភាព៕